ច្បាប់ចរាចរណ៍ផ្លូវគោក


ជំពូកទី១

បទប្បញ្ញត្តិទូទៅ

មាត្រា១



ច្បាប់នេះមានគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងធានាការពារសុខភាពនិងអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងបរិស្ថាន។

មាត្រា២

ច្បាប់នេះមានគោលដៅដូចតទៅ៖
  • ផ្តល់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  • គ្រប់គ្រងសុវត្ថិភាពចរាចរណ៍ផ្លូវគោក 
  • រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក
  •  ទប់ស្កាត់ការប្រព្រឹត្ដបទល្មើសដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

មាត្រា៣ 

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវគោកនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

មាត្រា៤ 

វាក្យសព្ទដែលប្រើប្រាស់ក្នុងច្បាប់នេះ មាននិយមន័យដូចខាងក្រោម៖
  • ផ្លូវថ្នល់ ហៅថាផ្លូវ សំដៅដល់ទំហំទាំងមូលរួមមានតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិព្ចើាមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ផ្លូវថ្នល់រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក 
  • ទ្រូងផ្លូវ សំដៅដល់ចំណែកនៃផ្លូវទុកសម្រាប់ឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
  • ជាយផ្លូវ សំដៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវនៅក្រៅទីប្រជុំជនដែលយានជំនិះអាចចតនៅ ទីនោះបានក្នុងករណីចាំបាច់ 
  • ចិញ្ចើមផ្លូវ សំដៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវនៅក្នុងទីប្រជុំជន ដែលរៀបចំទុកសម្រាប់ថ្មើរ ជើងធ្វើដំណើរ ដាំដើមឈើ និងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ 
  • គន្លងផ្លូវ សំដៅដល់ចំណែកមួយនៃទ្រូងផ្លូវ ខណ្ឌដោយគំនូសឬបរិក្ខារបែងចំណែកផ្លូវតាម បណ្តោយទ្រូងផ្លូវ ដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បាន មួយជួរ 
  •  ផ្លូវល្បឿនលឿន សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារ ចែកទ្រូងផ្លូវជា ពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវគ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយឬត្រូវមាន ផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ដើម្បីធានានូវលំហូរ ចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរនិងមានកន្លែងកំណត់ សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន 
  • បរិក្ខារផ្លូវថ្នល់ សំដៅដល់ទីចំណត ទីសំចត ភ្លើងសញ្ញា ផ្លាកសញ្ញាកំណត់ល្បឿនផ្លាកសញ្ញា បង្ហាញផ្លូវ សញ្ញាចន្លោះគម្លាត គំនូសសញ្ញា ឬរបាំង ឬបរិក្ខារបែងចំណែកផ្លូវ រង្វង់មូល ខឿន បែងចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំង របងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញា កំណត់ព្រំ ព្រមទាំងផ្លាកសញ្ញា និងឧបករណ៍បំពាក់ផ្សេងទៀតនៅតាមបណ្តោយផ្លូវថ្នល់
  • ទីប្រជុំជន សំដៅដល់ទីកន្លែងដែលមានអគារឬគេហដ្ឋានសង់ជិតៗគ្នា ហើយផ្លូវចេញឬចូល នៅទីនោះមានដាក់ផ្លាកសញ្ញាប្រាប់ទីប្រជុំជន ឈ្មោះទីប្រជុំជនសម្គាល់ការចូល ឬឈ្មោះទី ប្រជុំជនដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវ និងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន 
  • កន្លែងផ្លូវប្រសព្វឬផ្លូវប្រសព្វ សំដៅដល់កន្លែងប្រសព្វនៃផ្លូវពីរឬច្រើន ដែលមានផ្ទៃតែមួយ និងមិនកំណត់ មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា ++ , X, T, Y ឬរង្វង់ មូលជាដើម 
  • រង្វង់មូល សំដៅដល់កន្លែងផ្លូវប្រសព្វដែលនៅចំកណ្តាលមានខឿនជារាងរង្វង់មូល មានផ្លាក សញ្ញាបង្ហាញទិសចរាចរណ៍ និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយសញ្ញា ព្រួញប្រាប់ទិស ចរាចរណ៍
  • ច្រកចេញចូលផ្ទះឯកជនសំដៅដល់ច្រកផ្លូវចេញចូលផ្ទះដែលមានផ្ទៃរាបស្មើភ្ជាប់ជាមួយផ្លូវ សាធារណៈ និងមិនមែនជាចិញ្ចើមផ្លូវ 
  • ឈប់ សំដៅដល់ការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈពេលខ្លីដែលមានអ្នកបើកបរ ស្ថិតនៅ ជាប់នឹងចង្កូតឬក្បែរយានជំនិះខ្លួន ដើម្បី​ឲ្យអ្នកដំណើរឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់​ទំនិញ ឬអ្នកដំណើរឡើងចុះ 
  • ចត សំដៅដល់ការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរឬឆាប់ ដែលអ្នកបើកបរអាច ដើរចោលយានជំនិះរបស់ខ្លួនបាន 
  • អ្នកបើកបរ សំដៅដល់អ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វ នៅលើផ្លូវ
  • មួកសុវត្ថិភាព សំដៅដល់មួកសុវត្ថិភាពតាមស្តង់ដាជាតិដែលទទួលស្គាល់ដោយស្ថាប័នមាន សមត្ថកិច្ចសម្រាប់ពាក់នៅពេលធ្វើដំណើរតាមទោចក្រយានយន្តឬត្រីចក្រយានយន្តក្នុងគោល បំណងកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង 
  • ឧបករណ៍បច្ចេកទេស សំដៅដល់ឧបករណ៍សម្រាប់ត្រួតពិនិត្យល្បឿន ឬជាតិអាល់កុល ឬ សារធាតុញៀន ឬឧបករណ៍ប្រមូលរូបភាពនិងព័ត៌មានជាអាទិ៍ 
  • ឧបករណ៍សញ្ញា សំដៅដល់ឧបករណ៍ប្រើប្រាស់ដោយភ្នាក់ងារចរាចរណ៍សម្រាប់ ផ្តល់ជា សញ្ញា ក្នុងការបញ្ជាឲ្យឈប់។ ឧបករណ៍សញ្ញានេះបញ្ចេញភ្លើងពណ៌ក្រហម​នៅពេលងងឹត
  • យានជំនិះឬយាន សំដៅដល់យានសម្រាប់ដឹកមនុស្សឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោងទោះមានឬគ្មានម៉ាស៊ីន 
  • យានយន្ត សំដៅដល់យានគ្រប់ប្រភេទដែលធ្វើចរាចរណ៍ដោយម៉ាស៊ីននៅលើផ្លូវថ្នល់
  • រថយន្តគ្រួសារ សំដៅដល់រថយន្តដែលមានផ្ទុកមនុស្សមិនលើសពី៩(ប្រាំបួន)នាក់ ដោយគិត ទាំងអ្នកបើកបរ។ រថយន្តប្រភេទនេះអាចត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារ 
  • រថយន្តដឹកជញ្ជូនអ្នកដំណើរធុនតូច សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះចាប់ពី១០ (ដប់)នាក់ ដល់២០(ម្ភៃ)នាក់ ដោយគិតទាំងអ្នកបើកបរ 
  • រថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំ សំដៅដល់រថយន្តដឹកអ្នកដំណើរមានចំណុះលើសពី២០ (ម្ភៃ)នាក់ ដោយគិតទាំងអ្នកបើកបរ
  • រថយន្តធុនស្រាល សំដៅដល់រថយន្តដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥ (បីក្បៀសប្រាំ) តោន 
  • រថយន្តធុនធ្ងន់ សំដៅដល់រថយន្តដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥ (បីក្បៀសប្រាំ) តោនឡើងទៅ 
  • រថយន្តក្រុង សំដៅដល់រថយន្តដឹកជញ្ជូនអ្នកដំណើរធុនធំដែលបម្រើសេវាដឹកជញ្ជូន សាធារណៈ លើកំណាត់ផ្លួវមានកំណត់ក្នុងរាជធានីឬទីក្រុង និងយកកម្រៃ 
  • យានយន្តកសិកម្មកែច្នៃ សំដៅដល់យានយន្តុបករណ៍កែច្នៃសម្រាប់បម្រើការងារកសិកម្ម ដូចជា យានយន្តច្រូតស្រូវ យានយន្តបោកបែនស្រូវ និងយានយន្តកិនស្រូវជាអាទិ៍ 
  • យានយន្តុបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បន្ថែម គ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ងត៍ឬរថយន្ត សម្រាប់ បម្រើការងារសាងសង់ផ្លូវ ស្ពានជាអាទិ៍
  • រថយន្តធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ សំដៅដល់រថយន្តធ្វើអាជីវកម្មដឹកជញ្ជូន ទំនិញរបស់អ្នកដទៃឬផ្ទាល់ខ្លួន និងដឹកជញ្ជូនអ្នកដំណើរ 
  • អ្នកប្រើប្រាស់ផ្លូវ សំដៅដល់អ្នកបើកបរនិងថ្មើរជើងដែលធ្វើដំណើរនៅលើផ្លូវ 
  • ទំនិញ សំដៅដល់សម្ភារៈ វត្ថុ ដី ថ្ម ក្រួស ខ្សាច់ ប្រេងឥន្ធនៈ សត្វ និងវត្ថុផ្សេងៗទៀតដែល ដឹកជញ្ជូនតាមយានជំនិះ  
  • ទម្ងន់ទទេរបស់យាន សំដៅដល់ទម្ងន់របស់យានដែលគ្មានមនុស្សឬគ្មានទំនិញ ប៉ុន្តែមាន ប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយាន មានឧបករណ៍ជួសជុល និងកង់បម្រុង 
  • ទម្ងន់ផ្ទុកអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ផ្ទុកមនុស្សនិងទម្ងន់ផ្ទុកទំនិញដែល កំណត់ដោយរោងចក្រផលិតយាន 
  • ទម្ងន់សរុបអតិបរមារបស់យាន សំដៅដល់ផលបូកសរុបទម្ងន់ទទេរបស់យានជាមួយ នឹងទម្ងន់ ផ្ទុកអតិបរមារបស់យាន។ ប្រសិនបើយានមានសណ្តោង ទម្ងន់សរុបអតិបរមារ បស់យានគឺជា ផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ 
  • ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន សំដៅដល់ផលបូកទម្ងន់ទទេរបស់យានជាមួយ នឹងទម្ងន់ផ្ទុកមនុស្សនិងទម្ងន់ផ្ទុកទំនិញអនុញ្ញាត ។ប្រសិនបើយានមានសណ្តោងទម្ងន់សរុប អនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ 
  • ទម្ងន់សរុបជាក់ស្តែងរបស់យាន សំដៅដល់ផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុក មនុស្សនិងទម្ងន់ផ្ទុកទំនិញជាក់ស្តែង 
  • រ៉ឺម៉ក សំដៅដល់យានសម្រាប់ថ្ពក់ជាមួយរថយន្តឬយានជំនិះផ្សេងទៀត 
  • សឺមីរ៉ឺម៉ក សំដៅដល់យានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង

ជំពូកទី២
សញ្ញាចរាចរណ៍

មាត្រា៥

សញ្ញាចរាចរណ៍ផ្លូវគោករួមមាន ផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។


ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ ត្រូវរៀបចំជា ប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារប្រយោជន៍ ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលឃើញ។

សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ដ្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្រប ល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវ ដែលអាចធ្វើឲ្យអ្នកបើកបរមាន ស្មារតី ប្រុងប្រយ័ត្នជាមុនបាន។


ហាមបិទក្រដាសឬរបស់ផ្សេងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ ដែលជាហេតុធ្វើឲ្យអ្នក បើកបរ មិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបាន ត្រឹមត្រូវ ឬធ្វើ ឲ្យអ្នកបើកបរចាំងភ្នែក។

រូបភាពនិងខ្លឹមសារស្ដីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន។

មាត្រា៦ 


លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ៖
១- ផ្លាកសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើបទប្បញ្ញត្ដិចរាចរណ៍។
២- ភ្លើងសញ្ញាចរាចរណ៍មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
៣- សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្ដិ ចរាចរណ៍ទាំងឡាយ។

ជំពូកទី៣
អ្នកបើកបរយានជំនិះ

មាត្រា៧

ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រ​កាន់​ស្ដាំជានិច្ច។ គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។


រថយន្តដឹកទំនិញដែលមានទម្ងន់សរុបលើសពី១៦(ដប់ប្រាំមួយ)តោនឬរថយន្តដឹកអ្នកដំណើរដែល ផ្ទុកអ្នកដំណើរចាប់ពី៣៥(សាមសិបប្រាំ)នាក់ឡើង ត្រូវមានអ្នកបើកបរ១(មួយ)នាក់ និងជំនួយការ បើកបរ១(មួយ)នាក់ ដែលកាន់បណ្ណបើកបរត្រឹមត្រូវតាមប្រភេទរថយន្តអមជាមួយ ស្របតាម ប្រភេទ ផ្លូវ ចម្ងាយផ្លូវ និងពេលវេលាធ្វើដំណើរ។

មាត្រា៨

គ្រប់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ត្រូវអនុវត្ដនូវវិធានការដូចខាងក្រោម៖
១- អ្នកបើកបរយានយន្ដដែលមានទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូបឡើង​ទៅ ត្រូវមាន បណ្ណបើកបរតាមប្រភេទយានយន្ដ។
២- នៅពេលបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិត ក្នុងស្ថានភាពដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួលនិងឆាប់រហ័ស ជាពិសេសលទ្ធភាព នៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ។

៣- ហាមធ្វើឲ្យរំខានដល់អ្នករស់នៅជាប់តាមដងផ្លូវនិងអ្នកប្រើប្រាស់ផ្លូវ។
៤- ហាមពិសាគ្រឿងស្រវឹងដែលបណ្តាលឲ្យមានអត្រាជាតិអាល់កុលចាប់ពី០,២៥មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
៥- ហាមបើកបរយានជំនិះដែលមានកង់ច្រវាក់ដែក ផ្ទាល់លើទ្រូងផ្លូវ។ យានជំនិះប្រភេទនេះ ត្រូវដឹកតាមយានជំនិះដែលមានប្រភេទកង់កៅស៊ូ។

៦- ហាមប្រើទូរស័ព្ទនៅពេលកំពុងបើកបរយានជំនិះដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ ទំនង។
៧- ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ។
៨- ទោចក្រយានយន្តអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់។ អ្នកបើកបរ ទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងទៅ ត្រូវ ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។អ្នកបើកបរត្រីចក្រយានយន្តនិងអ្នកបើកបរទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រូវពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ។

៩- នៅក្នុងទីប្រជុំជនអ្នកបើកបរនិងអ្នករួមដំណើរជិះកៅអីមុខនៃរថយន្ដ ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាព។
១០- នៅក្រៅទីប្រជុំជនអ្នកបើកបរនិងអ្នករួមដំណើរទាំងអស់តាមរថយន្ត ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាព ស្របតាមបទប្បញ្ញតិ្តដូចមានចែងក្នុងមាត្រា៩០នៃច្បាប់នេះ។

១១- កុមារអាយុតិចជាង១០(ដប់)ខែ ត្រូវដាក់ក្នុងកៅអីសម្រាប់កុមារដេក និងមានខ្សែក្រវាត់ សុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ដ។
១២- កុមារមានអាយុចាប់ពី១០(ដប់)ខែទៅក្រោម៥(ប្រាំ)ឆ្នាំ ត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារ ដែលមានខ្សែក្រវាត់សុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ដ។
១៣- ហាមកុមារអាយុក្រោម១០(ដប់)ឆ្នាំ អង្គុយនៅកៅអីមុខនៃរថយន្ដ។


មាត្រា៩

នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្ដាលទ្រូងផ្លូវផ្នែកខាងស្ដាំ ដោយបើកបរកៀកទៅខាងស្ដាំ។

នៅលើទ្រូងផ្លូវឯកទិសដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅ ខាងស្ដាំលើកលែងតែត្រូវការបត់ឆ្វេង។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេងបាននៅពេល ជែងឬឈប់។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសរបស់ រដ្ឋមន្រ្តីក្រសួង សាធារណការនិងដឹកជញ្ជូន។


មាត្រា១០

នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃមិន ត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញឬចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។


នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយមានគំនូសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវ ប្រកាន់យកចំណែកផ្លូវខាងស្ដាំ។ នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរឬច្រើន អ្នកបើក បរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាច បើកបរបានលើគ្រប់គន្លងផ្លូវ។


នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នា ហើយនៅលើចំណែកផ្លូវនៃទិសនីមួយៗដែល មានគន្លងផ្លូវពីរឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំបំផុត។ ក្នុងករណីមានចរាចរណ៍ ចង្អៀត ខ្លាំងអ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវតាមទិសចរាចរណ៍ ។


ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង ដូចមានចែងនៅកថាខណ្ឌ៣និងកថាខណ្ឌ៤ខាងលើយាន ជំនិះនៅក្នុងគន្លងណាមួយលឿនជាងយានជំនិះនៅក្នុងគន្លងណាមួយទៀត មិនចាត់ទុក ជាការជែងឡើយ។ ចំពោះអ្នកបើកបរយានជំនិះដែលមានទម្ងន់សរុបលើសពី៣,៥(បីក្បៀសប្រាំ)តោន ត្រូវប្រកាន់យកគន្លងផ្លូវខាងស្ដាំជានិច្ច លើកលែងមានការបត់ឆ្វេងឬ នៅពេលជែង អាចប្រើ ប្រាស់គន្លងផ្លូវផ្សេងទៀតបាន។ ដោយឡែកនៅក្នុងទីប្រជុំជន ការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ។



មាត្រា១១

ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺពណ៌លឿង ជាសញ្ញាឲ្យប្រុងប្រយ័ត្ន ត្រៀមឈប់ ពន្លឺពណ៌បៃតង ជាសញ្ញាអនុញ្ញាតឲ្យយានជំនិះចេញដំណើរ ពន្លឺពណ៌ក្រហមជាសញ្ញាឃាត់ឲ្យឈប់ ។ 

ភ្លើងសញ្ញាចរាចរណ៍បញ្ចេញពន្លឺក្រហមគឺជាសញ្ញាឃាត់ឲ្យឈប់ អ្នកបើកបរត្រូវឈប់នៅមុខខ្សែ បន្ទាត់គំនូសជាប់ពណ៌សកាត់ទទឹងទ្រូងផ្លូវឬមុខគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់។ បើគ្មានឧបសគ្គ នៅខាងមុខ យានជំនិះខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន លើកលែងតែមានភ្លើង សញ្ញាព្រួញក្រហមហាមបត់ស្តាំ។

មាត្រា១២

អ្នកបើកបរត្រូវវាងតាមស្ដាំដៃ នៅគ្រប់រង្វង់មូលឬខឿនបែងចែកទ្រូងផ្លូវ ដែលជាឧបសគ្គនៃចលនា ត្រង់ទៅមុខរបស់យានជំនិះ លើកលែងតែមានកំណត់ផ្ទុយ។ 

មាត្រា១៣

អ្នកបើកបរមិនត្រូវបើកបរទន្ទឹមគ្នានៅលើទ្រូងផ្លូវឬគន្លងផ្លូវតែមួយទេ។ អ្នកបើកបរមិនត្រូវបើកបរ កាត់ឬជែងក្បួនយោធា ឬក្បួននគរបាល ឬក្បួនគណៈប្រតិភូ ឬក្បួនដង្ហែផ្លូវការ។

មាត្រា១៤


បែបបទនៃការសណ្ដោង ត្រូវអនុវត្ដតាមបញ្ញត្ដិដូចខាងក្រោម៖
  • ចំពោះការថ្ពក់សណ្ដោងយានជំនិះ អ្នកបើកបរត្រូវប្រើខ្សែកាប ឬដងដែក ឬឧបករណ៍ សម្រាប់ថ្ពក់ ដែលធានាជាប់មាំល្អនិងងាយស្រួលក្នុងការបត់បែន 
  • ហាមអ្នកបើកបរប្រើខ្សែសណ្ដោងចំពោះយានជំនិះដែលមានទម្ងន់សរុបលើសពី៥ (ប្រាំ) តោនឡើងទៅ 
  • ហាមអ្នកបើកបរសណ្ដោងយានជំនិះលើសពីមួយគ្រឿង ឬសណ្ដោងយានជំនិះដែលមាន សណ្ដោងរ៉ឺម៉កឬសឺមីរ៉ឺម៉ក 
  • ហាមសណ្ដោងទោចក្រយានឬទោចក្រយានយន្ដ 
  • ហាមអ្នកបើកបរសណ្ដោងរថយន្ដគ្រប់ប្រភេទដែលមានអ្នកដំណើរនៅក្នុងនោះក្រៅពីអ្នកកាន់ចង្កូត 
  • រថយន្ដដែលមានសណ្ដោងរ៉ឺម៉កឬសឺមីរ៉ឺម៉កត្រូវមានសញ្ញាត្រីកោណសមបាតដែលមាន កព្ចាក់ចាំងពន្លឺពណ៌លឿងពីរដាក់នៅកាងរថយន្ដខាងមុខអមសងខាងផ្លាកលេខ។
    បច្ចេកទេសនៃការថ្ពក់សណ្ដោងរ៉ឺម៉កឬសឺមីរ៉ឺម៉កនិងការដោះរ៉ឺម៉កឬសឺមីរ៉ឺម៉កចេញពីរថយន្ដឬក្បាល រថយន្ដ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ 

មាត្រា១៥

នៅកន្លែងរថយន្តក្រុងឈប់នៅក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ដើម្បីទុកឲ្យរថយន្ដក្រុងចេញ ចូល ឬឈប់បានដោយងាយស្រួល។


មាត្រា១៦

ល្បឿនបើកបរយានជំនិះត្រូវកំណត់តាមលក្ខខណ្ឌដូចខាងក្រោមនេះ៖
  • ការកំណត់ល្បឿនសម្រាប់យានជំនិះត្រូវកំណត់ដោយអនុក្រឹត្យ 
  • អ្នកបើកបរមិនត្រូវប្រើល្បឿនយឺតខុសប្រក្រតីដោយគ្មានមូលហេតុត្រឹមត្រូវ ដែលធ្វើ ឲ្យរំខានដល់យានជំនិះដទៃទៀតទេ។ អ្នកបើកបរដែលប្រើល្បឿនយឺត ត្រូវបើកបរ អែបទៅខាងស្តាំ ដើម្បីទុកឲ្យអ្នកបើកបរដែលប្រើល្បឿនលឿន ជែងពីខាងឆ្វេងដៃបាន ដោយងាយស្រួល
  • អ្នកបើកបរណាដែលត្រូវបង្ខំចិត្តបន្ថយល្បឿនឲ្យយឺតខុសប្រក្រតី ត្រូវឲ្យដំណឹងដល់អ្នក បើកបរ ផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្ន ហើយត្រូវបើកបរអែបទៅ ខាងស្តាំបំផុត នៃទ្រូងផ្លូវ 
  • បទប្បញ្ញត្តិកំណត់ល្បឿនមិនអនុវត្តចំពោះអ្នកបើកបរយានយន្ត ក្បួននគរបាល ក្បួនយោធា ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្រ្គោះ របស់មន្ទីរពេទ្យ និងយានយន្តខ្លះទៀតដែលបន្លឺសូរសព្ទ ភ្លើងសញ្ញាពិសេស នៅពេលកំពុង បំពេញភារកិច្ចទ្បើយ។

មាត្រា១៧

ក្នុងគ្រប់ករណីអ្នកបើកបរត្រូវគ្រប់គ្រងលើល្បឿនបើកបររបស់ខ្លួនជានិច្ច ហើយត្រូវបើកបរក្នុង ល្បឿនសមស្របទៅតាមស្ថានភាពជាក់ស្ដែង ដើម្បីអាចបញ្ឈប់ យានជំនិះបានទាន់ពេលវេលា និងដោយ គ្មានគ្រោះថ្នាក់។

អ្នកបើកបរត្រូវបន្ថយល្បឿន ក្នុងករណីដូចខាងក្រោម៖
  1. ពេលជៀសគ្នានៅលើផ្លូវចង្អៀត។ 
  2. ពេលជៀសរថយន្ដដឹកជញ្ជូនអ្នកដំណើរ ឬរថយន្ដដឹកជញ្ជូនកុមារ ដែលកំពុងឈប់ដាក់ អ្នកដំណើរឬកុមារឡើងចុះ។ 
  3. ពេលទៅជិតដល់ស្ពានឬជិតដល់ផ្លូវរថភ្លើងឆ្លងកាត់។ 
  4. ពេលអាកាសធាតុមិនល្អដែលមិនអាចមើលឃើញបានឆ្ងាយនិងច្បាស់។
  5. ពេលប្ដូរទិសចរាចរណ៍។ 
  6. កន្លែងផ្លូវបត់ ផ្លូវកោង ផ្លូវរអិល ផ្លូវប្រសព្វ ឬរង្វង់មូល
  7. ពេលជិតដល់ទួលខ្ពស់ឬពេលចុះចំណោត។ 
  8. ពេលជៀសឬជែងក្បួនយានកំពុងឈប់ ឬនៅពេលជៀសឬជែងក្បួនដង្ហែផ្សេងៗ
  9. ពេលមានវត្ថុជាឧបសគ្គឬមានផ្ទះច្រើនកៀកជាប់ទ្រូងផ្លូវ
  10. ក្នុងគ្រប់ករណីដែលមានផ្លាកសញ្ញាឲ្យបន្ថយល្បឿនឬសញ្ញាគ្រោះថ្នាក់។ 
  11. កាលណាមានយានយន្តរបស់នគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ យានយន្តពន្លត់អគ្គិភ័យ យានយន្តសង្គ្រោះ របស់មន្ទីរពេទ្យ មានបន្លឺសូរសព្ទ ឬភ្លើង សញ្ញា ឬយានយន្ដផ្សេងទៀតដែលមានបន្លឺសូរសព្ទឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកបរអែបទៅខាងស្ដាំ បើចាំបាច់ត្រូវ ឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន ដើម្បីសម្រួលផ្លូវឲ្យយានយន្តទាំងនេះធ្វើដំណើរទៅមុខដោយសុវត្ថិភាព។ ១២- 
  12. កន្លែងមានសាលារៀន មន្ទីរពេទ្យដែលមានទីតាំងស្ថិតនៅក្បែរផ្លូវមិនលើសពី៥០(ហាសិប) ម៉ែត្រ។

មាត្រា១៨

យានយន្តដែលធ្វើចរាចរណ៍នៅពីក្រោយយានយន្តមួយផ្សេងទៀត ត្រូវរក្សាទុកចន្លោះសុវត្ថិភាព គ្រប់គ្រាន់ដើម្បីជៀសវាងការប៉ះទង្គិច នៅពេលដែលយានយន្តខាងមុខបន្ថយល្បឿនឬឈប់ដោយ ចៃដន្យ។ ចន្លោះសុវត្ថិភាពសម្រាប់យានយន្តគ្រប់ប្រភេទដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវ កំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។


មាត្រា១៩ 

ក្នុងការជែង អ្នកបើកបរត្រូវអនុវត្ដដូចខាងក្រោម៖
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវជែងទៅខាងឆ្វេង។ ប៉ុន្ដែអ្នកបើកបរអាចជែងទៅខាងស្ដាំ បាន ប្រសិនបើអ្នកបើកបរយានដែលត្រូវគេជែងនោះ បាននិងកំពុងធ្វើសញ្ញាប្ដូរទិស ខាងឆ្វេង ហើយ  ឈប់ឬត្រៀមដើម្បីបត់ឆ្វេង។

២- មុននឹងជែង អ្នកបើកបរត្រូវដឹងច្បាស់ថា ការជែងនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយត្រូវអនុវត្ដដូចខាងក្រោម៖
- ឃើញច្បាស់ថា នៅខាងមុខគ្មានឧបសគ្គហើយអាចបើកបរចូលទៅក្នុងចរន្ដចរាចរណ៍ប្រក្រតី វិញបាននៅពេលជែងរួច ដោយមិនរំខានដល់ការធ្វើចរាចរណ៍របស់អ្នកដទៃឡើយ
ខ- គ្មានអ្នកបើកបរយានជំនិះណាមួយដែលនៅពីក្រោយខ្លួនចាប់ផ្ដើមសុំជែងខ្លួន
គ- គ្មានឲ្យសញ្ញាសុំជែងយានផ្សេងទៀត ពីអ្នកបើកបរយានជំនិះខាងមុខខ្លួន

ឃ- ត្រូវដឹងច្បាស់ថាល្បឿនសមាមាត្ររវាងយានទាំងពីរ អាចឲ្យជែងក្នុងរយៈពេលខ្លីបំផុតបាន
ង- ត្រូវធ្វើសញ្ញាសុំជែង ដោយប្រើសញ្ញាប្ដូរទិសខាងឆ្វេង ហើយក្នុងករណីចាំបាច់ ត្រូវប្រើបន្ថែម ភ្លើងកូត ហ្វាឆ្លាស់គ្នានៅពេលយប់ ឬស៊ីផ្លេនៅពេលថ្ងៃ លើកលែងតែក្នុងទីប្រជុំជនដែលការប្រើ ប្រាស់ស៊ីផ្លេសុំជែង ត្រូវហាមឃាត់
ច- ត្រូវដឹងច្បាស់ថា អ្នកបើកបរយានជំនិះខាងក្រោយនិងខាងមុខបានដឹងអំពីការសុំជែង របស់ខ្លួនហើយ

៣- នៅពេលដឹងថាយានខាងក្រោយសុំជែង អ្នកបើកបរយានខាងមុខត្រូវពិនិត្យចំណែកផ្លូវខាងមុខ ខ្លួន បើគ្មានឧបសគ្គអ្វីទេ ត្រូវឲ្យសញ្ញាប្ដូរទិសខាងស្ដាំឬលើកដៃឆ្វេងឡើងលើបត់ទៅស្ដាំ និង បន្ថយ ល្បឿនអែបទៅខាងស្ដាំ ជាសញ្ញាឲ្យអ្នកបើកបរយានខាងក្រោយដែលសុំជែងដឹងថាអាចជែងបាន។ ក្នុងករណីដែលអ្នកបើកបរខាងមុខពិនិត្យឃើញថានៅចំណែកផ្លូវខាងមុខខ្លួនមិនទំនេរឬមានឧបសគ្គ ត្រូវធ្វើសញ្ញាប្ដូរទិសខាងឆ្វេងឬលាតដៃឆ្វេងសន្ធឹងត្រង់ទៅខាងក្រៅជាសញ្ញាឲ្យដឹងថាការជែងពុំទាន់ អាចធ្វើទៅបានទេ។

៤- នៅពេលជែង ត្រូវបង្កើនល្បឿន និងទុកចន្លោះពីយានមួយទៀតយ៉ាងតិច១ ម៉ែត្រ។

៥- នៅលើទ្រូងផ្លូវគ្មានគំនូសបង្ហូត អ្នកបើកបរយានអាចជែងដោយប្រើប្រាស់ទ្រូងផ្លូវមួយចំហៀង ទៀតបាន ប្រសិនបើទង្វើនេះមិនធ្វើឲ្យមានគ្រោះថ្នាក់ឬរំខានដល់យានដែលបើកបរផ្ទុយនឹងទិស របស់ខ្លួន។
៦- នៅពេលជែងផុត អ្នកបើកបរត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំវិញ ដើម្បីឲ្យដំណឹងថាខ្លួនត្រូវចូលក្នុង ចរន្ដចរាចរណ៍របស់ខ្លួនវិញ។

៧- ក្នុងករណីទ្រូងផ្លូវមានគន្លងផ្លូវច្រើនតាមទិសចរាចរណ៍តែមួយសម្រាប់ទិសដៅផ្សេងគ្នា យាន ស្ថិតនៅគន្លងណាមួយបើកបរលឿនជាងយាននៅគន្លងណាមួយទៀត មិនចាត់ទុកជាការជែង ឡើយ។
ហាមជែងគ្នានៅក្នុងករណីខាងក្រោម៖ 
  • ជែងគ្នាជាបីជួរ(ជែងលើរថយន្ដដែលកំពុងជែងគ្នា)
  • កន្លែងមានសញ្ញាហាមជែង 
  • នៅកន្លែងផ្លូវកោងឬផ្លូវឡើងទួល លើកលែងតែការជែងនេះអាចទុកឲ្យផ្នែកទ្រូងផ្លូវខាងឆ្វេង គំនូសបង្ហូតកណ្ដាលនៅទំនេរបាន 
  • នៅជិតឬកន្លែងផ្លូវបត់ ផ្លូវខ្វែង ផ្លូវរអិល 
  • នៅកន្លែងកំពូលផ្លូវចោត ផ្លូវតូចចង្អៀត ឬផ្លូវដាក់សញ្ញាបន្ថយល្បឿន
  • នៅលើស្ពានឬពេលចុះចំណោត 
  • នៅកន្លែងការដ្ឋាន 
  • នៅជិតឬកន្លែងកំណាត់ផ្លូវដែលទុកសម្រាប់ថ្មើរជើងឆ្លងកាត់ 
  • នៅផ្លូវក្រោមស្ពានឬផ្លូវរូង 
  • នៅពេលមើលឃើញមិនច្បាស់ ដូចជាពេលភ្លៀងខ្លាំង ចុះអ័ព្ទខ្លាំង ដីហុយខ្លាំង ឬផ្សែងខ្លាំង 
  • នៅជិតឬកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលគ្មានរបាំង 
  • នៅលើផ្លូវដែលមានទឹកលិច។

មាត្រា២០

ក្នុងការជៀស៖
១- អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវជៀសគ្នាដោយប្រកាន់ស្ដាំដៃរៀងៗខ្លួន។

២- ពេលជៀសគ្នានៅលើផ្លូវចង្អៀតឬនៅលើផ្លូវដែលអាចមានគ្រោះថ្នាក់ អ្នកបើកបរត្រូវ បន្ថយល្បឿនរៀងៗខ្លួន។ ក្នុងករណីចាំបាច់ យានជំនិះទាំងពីរត្រូវឈប់ ហើយបើជាយានជំនិះ ប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុនត្រូវធ្វើសញ្ញាសុំផ្លូវដោយលើកដៃឬដោយស៊ីផ្លេនៅពេល ថ្ងៃឬប្រើភ្លើងហ្វាកូតជាសញ្ញានៅពេលយប់ហើយរង់ចាំយានជំនិះដែលមកពីមុខបញ្ចេញសញ្ញាយល់ ព្រមឲ្យទៅមុន ទើបធ្វើដំណើរទៅបាន។ ប៉ុន្ដែបើជាយានជំនិះប្រភេទខុសគ្នា អ្នកបើកបរយានយន្ត ដែលមានទំហំធំត្រូវទុកផ្លូវឲ្យយានជំនិះដែលមានទំហំតូចជាងយានជំនិះរបស់ខ្លួនធ្វើដំណើរទៅមុន។

៣- ពេលជៀសគ្នានៅលើផ្លូវតូចដែលបរបានយានជំនិះតែមួយ ហើយមានកន្លែងមួយដែលអាច ជៀសគ្នាបាន យានជំនិះណាដែលមកដល់កន្លែងនេះមុន ត្រូវឈប់រង់ចាំនៅកន្លែងនេះ ដើម្បីទុក ឲ្យយានជំនិះមួយទៀតជៀសបានស្រួល។

៤- ក្នុងករណីទ្រូងផ្លូវចង្អៀត មិនអាចជៀសគ្នាបាន ហើយចាំបាច់មានយានជំនិះណាមួយត្រូវថយក្រោយ ត្រូវអនុវត្ដដូចខាងក្រោម៖
ក- ចំពោះយានជំនិះប្រភេទដូចគ្នា យានជំនិះណាចង់ទៅមុន ត្រូវធ្វើសញ្ញាសុំផ្លូវហើយត្រូវ មានការយល់ព្រមថយក្រោយពីយានមួយទៀត។
ខ- ចំពោះយានគ្មានសណ្ដោងនិងយានមានសណ្ដោង យានគ្មានសណ្ដោងត្រូវថយក្រោយ។
គ- ចំពោះយានធុនស្រាលនិងធុនធ្ងន់ យានធុនស្រាលត្រូវថយក្រោយ។
ឃ-ចំពោះរថយន្ដដឹកទំនិញនិងរថយន្ដដឹកអ្នកដំណើរ រថយន្ដដឹកទំនិញត្រូវថយក្រោយ។

៥- ពេលជៀសគ្នានៅលើផ្លូវចោតហើយចង្អៀត យានជំនិះចុះចំណោតត្រូវឈប់ដើម្បីទុកឲ្យ យានជំនិះឡើងចំណោតទៅមុន។

៦- ក្នុងការជៀសគ្នា យានជំនិះណាមើលឃើញនៅលើចំណែកផ្លូវរបស់ខ្លួនមានឧបសគ្គ ដូចជា ផ្លូវខូច ឬយានជំនិះឈប់ស្ងៀម យានជំនិះនោះត្រូវឈប់ដើម្បីទុកឲ្យយានជំនិះមួយទៀតទៅមុន។

៧- នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្ដមួយគ្រឿង យានយន្តធុនធំត្រូវទុកសិទ្ធិឲ្យ យានយន្ដធុនស្រាលទៅមុន។

៨- មុនពេលជៀសគ្នានៅពេលយប់ក្រៅទីប្រជុំជន ហើយគ្មានចង្កៀងអគ្គិសនី យានជំនិះទាំងពីរ ត្រូវបិទភ្លើងហ្វាហើយបើកភ្លើងកូតវិញ។


មាត្រា២១

សិទ្ធិអាទិភាពនៅផ្លូវប្រសព្វ ត្រូវបានកំណត់ដូចខាងក្រោម៖
១- គ្រប់អ្នកបើកបរនៅពេលទៅជិតដល់ផ្លូវប្រសព្វ ត្រូវបន្ថយល្បឿននិងពិនិត្យមើលចលនា ចរាចរណ៍នៅលើទ្រូងផ្លូវដែលខ្លួនត្រូវឆ្លងកាត់នោះហើយត្រូវធ្វើដំណើរឆ្លងកាត់ដោយប្រុងប្រយ័ត្ន បំផុត បើផ្លូវខាងមុខមិនស្រលះល្អ។ ក្នុងករណីចាំបាច់ ត្រូវធ្វើសញ្ញាឲ្យដំណឹងដល់អ្នកបើកបរ ដែលមកពីផ្លូវ ផ្សេងទៀត ដោយប្រើសញ្ញាសូរសព្ទពេលថ្ងៃ និងប្រើភ្លើងសញ្ញាកូត ហ្វាឆ្លាស់គ្នា នៅពេលយប់។ នៅលើផ្លូវផ្តល់សិទ្ធិអាទិភាពឲ្យគេ អ្នកបើកបរត្រូវបើកបរក្នុង ល្បឿនមួយដែល អាចបញ្ឈប់យានខ្លួនបានដើម្បីផ្ដល់សិទ្ធិដល់យានដែលនៅលើផ្លូវមានសិទ្ធិទៅមុន។

២- ទោះបីនៅត្រង់ផ្លូវប្រសព្វ មានភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងដែលអនុញ្ញាតឲ្យធ្វើចរាចរណ៍ ទៅមុខបានក៏ដោយ ក៏អ្នកបើកបរមិនត្រូវបើកចូលទៅក្នុងផ្លូវប្រសព្វឡើយ ប្រសិនបើអំពើនេះអាច តម្រូវឲ្យខ្លួនបញ្ឈប់យានជំនិះនៅក្នុងផ្លូវប្រសព្វដោយសារតែមានចរាចរណ៍ចង្អៀតខ្លាំង។ ក្នុងករណីបែបនេះ អ្នកបើកបរត្រូវឈប់នៅមុខផ្លូវប្រសព្វ ដើម្បីកុំឲ្យស្ទះចរាចរណ៍យានដែលមក ពីទិសផ្សេងទៀត។

៣- នៅផ្លូវប្រសព្វដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយានដែល មកពីស្ដាំរបស់ខ្លួនទៅមុន។ ប៉ុន្ដែក្នុងករណីផ្លូវប្រសព្វបែកជាបីដែលគ្មានសញ្ញាសិទ្ធិអាទិភាព អ្នកបើកបរយាននៅផ្លូវដែលចប់ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរយាននៅលើផ្លូវបន្ដទៅមុន។

៤- អ្នកបើកបរដែលទៅដល់រង្វង់មូល ទោះបីខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយ ត្រូវផ្ដល់សិទ្ធិ អាទិភាពឲ្យអ្នកបើកបរដែលស្ថិតនៅក្នុងទ្រូងផ្លូវឯកទិសក្រវាត់រង្វង់មូលដែលមានសញ្ញាបង្ហាញ ទិស ទៅមុន។

៥- នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញាសម្គាល់សិទ្ធិអាទិភាព អ្នកបើកបរត្រូវទុកផ្លូវ ឲ្យយានជំនិះដែលស្ថិតនៅលើផ្លូវមានសិទ្ធិអាទិភាពធ្វើដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវ ប្រសព្វនោះបានតែនៅពេលណាដែលខ្លួនជឿជាក់ថាពុំមានគ្រោះថ្នាក់អ្វីឡើយ។
៦- នៅពេលទៅដល់ផ្លូវប្រសព្វដែលមានដាក់សញ្ញា“ឈប់” អ្នកបើកបរត្រូវឈប់ស្ងៀមនៅ មុខគំនូសកាត់ទទឹងទ្រូងផ្លូវ ដើម្បីទុកឲ្យយានជំនិះនិងថ្មើរជើងដែលនៅលើផ្លូវមានសិទ្ធិធ្វើ ដំណើរទៅមុន ហើយអាចឆ្លងកាត់ផ្លូវប្រសព្វនោះបានតែនៅពេលណាដែលខ្លួនជឿជាក់ថា ពុំមានគ្រោះថ្នាក់អ្វីឡើយ។

៧- ដោយឡែកអ្នកបើកបរត្រូវតែទុកឲ្យយានជំនិះបម្រើការរបស់នគរបាល យោធា កងរាជ អាវុធ ហត្ថ យានពន្លត់អគ្គិភ័យ ឬយានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចដោយឲ្យសញ្ញា សូរសព្ទនិងសញ្ញាភ្លើងពិសេសឲ្យដឹងពីការមកដល់របស់ខ្លួនទៅមុន។

៨- យានជំនិះដែលកំពុងបំពេញភារកិច្ចដូចខាងក្រោមមានសិទ្ធិអាទិភាពតាមលំដាប់ ដូចតទៅ៖
  • យានពន្លត់អគ្គិភ័យ
  • យានសង្គ្រោះរបស់មន្ទីរពេទ្យ 
  • យាននគរបាល យោធា កងរាជអាវុធហត្ថ 
  • ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់
  • ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ។
៩- មុននឹងបើកបរចេញពីផ្លូវឯកជនដែលមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ ដូចជាពីច្រក គេហដ្ឋាន រោងចក្រ អគារ ឬទីលានផ្សេងៗ អ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវទុកសិទ្ធិ អាទិភាពឲ្យយានជំនិះឬថ្មើរជើងដែលកំពុងធ្វើចរាចរណ៍លើផ្លូវសាធារណៈទៅមុន

១០- អ្នកបើកបរចេញមកពីផ្លូវលំឬផ្លូវដី ត្រូវទុកសិទ្ធិឲ្យអ្នកបើកបរលើផ្លូវផ្សេងទៀតដែលមិនមែន ជាផ្លូវលំឬផ្លូវដីទៅមុន

១១- នៅត្រង់ផ្លូវប្រសព្វ បើទ្រូងផ្លូវមួយមានចែកជាច្រើនគន្លងផ្លូវ ហើយមានគន្លងផ្លូវមួយឬ ច្រើន ត្រូវបម្រុងសម្រាប់យានជំនិះប្រភេទខ្លះធ្វើចរាចរណ៍ បទប្បញ្ញត្ដិស្ដីពីអាទិភាពចរាចរណ៍ដែលមាន ចែងក្នុងមាត្រានេះ ត្រូវអនុវត្ដចំពោះអ្នកបើកបរដែលធ្វើចរាចរណ៍នៅលើគន្លងផ្លូវប្រភេទនេះ លើក លែង តែយានជំនិះដែលមានចែងក្នុងចំណុចទី៧និងចំណុចទី៨ខាងលើនេះ។

មាត្រា២២

ការបើកបរឆ្លងកាត់ផ្លូវរថភ្លើង៖
១- អ្នកបើកបរត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារឬរបាំង អ្នកបើកបរមិនត្រូវបរចូលទៅ ទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។

៣- នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្ដាប់បញ្ជាឆ្មាំហើយមិនត្រូវបង្ក ឲ្យមានឧបសគ្គដល់ការបិទបើករបារឬរបាំងឡើយ។
៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ដើម្បីទុកផ្លូវ ឲ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ គង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វពាហនៈ កុំឲ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។

៥- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច ២ម៉ែត្រ ពីរបារឬរបាំង ហើយបើគ្មានរបារឬរបាំង ត្រូវឈប់យ៉ាងតិច ៥ម៉ែត្រ ពីផ្លូវរថភ្លើង។

៦- ក្នុងករណីដែលយានជំនិះគាំងដំណើរឬហ្វូងសត្វធ្វើដំណើរចូលមកជ្រុលទៅលើផ្លូវរថភ្លើង អ្នកបើកបរឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឲ្យដំណឹង ដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងបាន នោះប្រសិន បើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវ រថភ្លើងដោយខ្លួនឯងបាន។

មាត្រា២៣

ការឈប់និងការចតនៅលើផ្លូវថ្នល់ ត្រូវអនុវត្តដូចខាងក្រោម៖
១- គ្រប់យានជំនិះដែលឈប់ឬចត មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុង ធ្វើចរាចរណ៍។
២- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្ដតាមបទប្បញ្ញត្ដិដូចខាងក្រោម៖
  • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវចតឬឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន
  • ចំពោះទ្រូងផ្លូវឯកទិស ត្រូវចតឬឈប់ខាងស្ដាំឬខាងឆ្វេងតាមទិសចរាចរណ៍។
៣- នៅក្រៅទីប្រជុំជន យានជំនិះឬសត្វពាហនៈត្រូវឈប់ឬចតនៅក្រៅទ្រូងផ្លូវ។ បើគ្មានទីណាផ្សេងទៀតដែលយានជំនិះអាចចតបានក្រៅពីទ្រូងផ្លូវទេនោះ ត្រូវអនុវត្ដតាមបទ ប្បញ្ញត្ដិដែលមានចែងក្នុងចំណុចទី១ខាងលើនេះ។

៤- នៅក្រៅទីប្រជុំជន គ្រប់យានជំនិះដែលខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវ ត្រូវប្រើភ្លើងសញ្ញាអាសន្នឬ/និងដាក់សញ្ញាត្រីកោណចម្ងាយយ៉ាងតិច ៣០ម៉ែត្រ ដែលអាចមើល ឃើញយ៉ាងតិច ១០០ម៉ែត្រ។ ក្នុងករណីបញ្ហាខាងលើនេះកើតឡើងនៅកន្លែង ហាមឈប់ ឬចត ត្រូវជូនដំណឹងដល់សមត្ថកិច្ច ដែលនៅជិតដើម្បីមានវិធានការបន្ថែម។

៥- នៅក្នុងទីប្រជុំជន គ្រប់យានជំនិះត្រូវឈប់ឬចតដាក់ទំនិញឬមនុស្សឡើងចុះនៅចម្ងាយ មិនលើសពី ២៥សង់ទីម៉ែត្រ ពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវ កោង និងចន្លោះយ៉ាងតិច ១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ នៅក្រៅទីប្រជុំ ជន យានទាំងអស់ត្រូវឈប់ឬចតយ៉ាងតិចបំផុត ១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។

៦- ក្នុងការចត មុនពេលដើរឆ្ងាយពីយានជំនិះរបស់ខ្លួន អ្នកបើកបរត្រូវចាប់ហ្វ្រាំងដៃឬមានវិធានការ ផ្សេងៗ ដើម្បីការពារគ្រោះថ្នាក់ ជាយថាហេតុ នៅពេលដែលខ្លួនអវត្ដមាន។

៧- ហាមឈប់ឬចតយានជំនិះនៅទីកន្លែងដូចខាងក្រោម៖
  • នៅលើទ្រូងផ្លូវ ចិព្ចើាមផ្លូវដែលទុកបម្រុងឲ្យថ្មើរជើង និងក្នុងចន្លោះយ៉ាងតិច ៥ម៉ែត្រ ពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើង ឬនៅលើគំនូសនេះ
  • នៅលើផ្លូវសម្រាប់ថ្មើរជើង 
  • លើកន្លែងបម្រុងទុកសម្រាប់ការឈប់ឬចតនៃយានប្រភេទខ្លះ 
  • នៅចន្លោះគែមទ្រូងផ្លូវនិងខ្សែគំនូសបង្ហូត ប្រសិនបើនៅចន្លោះខ្សែគំនូសបង្ហូតនិង យានចតនេះតិចជាង ៣ ម៉ែត្រ ដែលមិនអាចឲ្យយានមួយផ្សេងទៀតបរបានដោយ ឥតឆ្លងកាត់ឬជាន់លើខ្សែគំនូសបង្ហូត 
  • នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ឬផ្លាកសញ្ញាចរាចរណ៍ ដែលធ្វើឲ្យបាំងភ្នែកអ្នកប្រើ ប្រាស់ផ្លូវមិនអាចមើលឃើញសញ្ញាចរាចរណ៍ទាំងនេះបាន 
  • នៅគ្រប់ទីកន្លែងដែលធ្វើឲ្យរាំងស្ទះដល់ច្រកចេញចូល ការចត ឬការឈប់នៃយានដទៃទៀត
  • នៅលើស្ពាន លើផ្លូវក្រោមស្ពាន លើផ្លូវរូង លើផ្លូវប្រសព្វ លើផ្លូវកាត់ផ្លូវរថភ្លើង លើផ្លូវក្នុងរង្វង់មូល ផ្លូវកោងខ្លាំង ឬលើផ្លូវចោតខ្លាំង ដែលមិនអាចមើលយានផ្សេង ទៀតពីចម្ងាយបាន 
  • នៅចន្លោះតិចជាង ២០ ម៉ែត្រ ពីផ្លូវរថភ្លើងឆ្លងកាត់ 
  • នៅចន្លោះតិចជាង ១០ ម៉ែត្រ ពីមុខនិងពីក្រោយទីតំាងបូមទឹករបស់យានពន្លត់ អគ្គិភ័យ និងនៅមុខស្ថានីយពន្លត់អគ្គិភ័យ 
  • លើច្រកចេញចូលនៃអគារសាធារណៈ 
  • នៅលើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជន លើកលែងតែយានរបស់ម្ចាស់ផ្ទះដែលជាកម្ម សិទ្ធិតែមួយ 
  • ជាពីរជួរទន្ទឹមគ្នា 
  • នៅលើគែមទ្រូងផ្លូវម្ខាង បើនៅគែមម្ខាងទៀតដែលឈមមុខគ្នាជាកន្លែងទុកសម្រាប់ ឲ្យយានជំនិះចត លើកលែងតែក្នុងករណីដែលអាចចតបានទាំងសងខាង 
  • នៅកន្លែងដែលមានសញ្ញាហាមឈប់
  • នៅលើទ្រូងផ្លូវថ្នល់លើសពី ២៤ម៉ោង 
  • នៅចន្លោះតិចជាង ១០ម៉ែត្រ ពីមុខនិងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្ដក្រុងឈប់ 
  • នៅចន្លោះតិចជាង ១ម៉ែត្រ ពីមុខឬពីក្រោយរថយន្ដដែលឈប់ឬចតបន្ដកន្ទុយគ្នា 
  • នៅជិតផ្លូវប្រសព្វឬផ្លូវបត់។ 

មាត្រា២៤

ការបើកទ្វារយានជំនិះដើម្បីចុះឬឡើងត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេស ចំពោះការ បើកទ្វារចុះឬឡើងនៅផ្នែកខាងឆ្វេងយាន។


មាត្រា២៥

មុនពេលចេញដំណើរពីចំណត អ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់និងគ្រប់គ្រាន់ជាដំណឹងដល់ អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយត្រូវជឿជាក់ថាការចេញដំណើររបស់យានយន្ដគ្មាន បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។

មុនពេលផ្លាស់ប្តូរទិសដៅយានជំនិះដូចជា ការបត់ឆ្វេងឬបត់ស្ដាំ ការប្ដូរគន្លងផ្លូវ ការបត់ត្រឡប់ ក្រោយឬថយក្រោយ ការអែបខាងដើម្បីឈប់ឬចត អ្នកបើកបរត្រូវបន្ថយល្បឿន និងឲ្យសញ្ញា យ៉ាងច្បាស់ និងគ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ។


ក្នុងការបត់ឆ្វេងឬបត់ស្ដាំ ការបត់ត្រឡប់ក្រោយឬថយក្រោយ អ្នកបើកបរត្រូវអនុវត្តតាមវិធាន ដូចខាងក្រោម៖
១- ការបត់ឆ្វេង
  • មុននឹងធ្វើការបត់ឆ្វេង ត្រូវក្រឡេកមើលក្រោយតាមកញ្ចក់មើលក្រោយ ពិសេស តាមកញ្ចក់ខាងឆ្វេង ដើម្បីឲ្យដឹងទីតាំងនិងចលនាចរាចរណ៍នៅពីខាងក្រោយ
  • ត្រូវធ្វើសញ្ញាប្ដូរទិសទៅខាងឆ្វេងឲ្យបានចម្ងាយគ្រប់គ្រាន់ពីកន្លែងដែលត្រូវបត់ និងបន្ថយល្បឿន ហើយបើគ្មានឧបសគ្គអ្វីទេ ត្រូវបើកអែបគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ 
  • នៅពេលរៀបនឹងបត់ឆ្វេង ត្រូវមើលឆ្វេង ស្ដាំ និងមើលឆ្វេងម្ដងទៀត ពិសេស មើលចរាចរណ៍ យានមកពីទិសផ្ទុយ។ បើផ្លូវទំនេរ ត្រូវបត់ដោយប្រុងប្រយ័ត្ន ពិសេសចំពោះថ្មើរជើង ដែល កំពុងឆ្លងកាត់។ បើផ្លូវមិនទំនេរ ត្រូវរង់ចាំដោយទុកឲ្យអ្នកបើកបរយានដែលមកពីទិសផ្ទុយ និងមកពីទិសខាងស្ដាំទៅមុន 
  • ការបត់ឆ្វេងត្រូវធ្វើតាមបែបសៀរស្ដាំ គឺបត់ពីក្រោយយានមកពីទិសផ្ទុយ លើកលែងតែមាន ការណែនាំពីនគរបាលចរាចរណ៍។ 
២- ការបត់ស្តាំ
  • មុននឹងធ្វើការបត់ស្ដាំ ត្រូវក្រឡេកមើលតាមកញ្ចក់មើលក្រោយ ពិសេស តាមកញ្ចក់ខាងស្ដាំ ដើម្បីឲ្យដឹងទីតាំងនិងចលនាចរាចរណ៍យាននៅពីខាងក្រោយ
  • បើគ្មានឧបសគ្គអ្វីទេ ត្រូវធ្វើសញ្ញាប្ដូរទិសខាងស្ដាំ ឲ្យបានចម្ងាយគ្រប់គ្រាន់ពីទីកន្លែងដែល ត្រូវបត់ និងបន្ថយល្បឿន ហើយបើកអែបមកស្ដាំ 
  • នៅពេលរៀបនឹងបត់ស្ដាំ ត្រូវមើលឆ្វេងស្ដាំ ហើយត្រូវមើលក្រោយតាមកញ្ចក់ខាងស្ដាំម្ដង ទៀត ជាពិសេសត្រូវជឿជាក់ថា គ្មានឧបសគ្គនៅខាងស្ដាំផ្នែកខាងក្រោយឡើយ។ បើទំនេរ ត្រូវបើកឲ្យកៀកស្ដាំបំផុតដែលអាចធ្វើទៅបាន និងត្រូវប្រុងប្រយ័ត្នចំពោះថ្មើរជើងដែលកំពុង ឆ្លងកាត់។ 
៣- ការបត់ត្រឡប់ក្រោយនិងថយក្រោយ
  • អ្នកបើកបរដែលមានបំណងបត់ត្រឡប់ក្រោយឬថយក្រោយ ត្រូវជឿជាក់ថាទង្វើនេះមិនធ្វើឲ្យរំខានខ្លាំង ឬបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ផ្លូវផ្សេងទៀតឡើយ
  • ចំពោះការបើកបរថយក្រោយ អ្នកបើកបរត្រូវប្រុងប្រយ័ត្ននិងក្រឡេកមើលចលនា ចរាចរណ៍ខាងក្រោយយានគ្រប់វិនាទី ពិសេសមុននឹងថយក្រោយ ត្រូវប្រុងប្រយ័ត្នមើលឲ្យ បានសព្វជ្រុងជ្រោយចំពោះកុមារតូចឬសត្វតូចៗនៅខាងក្រោយ
  • ហាមបត់ត្រឡប់ក្រោយ នៅក្នុងករណីដូចខាងក្រោម៖ 
  • នៅជិតផ្លូវប្រសព្វឬជិតផ្លូវរថភ្លើងឆ្លងកាត់ 
  • នៅត្រង់ផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានផ្សេងៗទៀតបានក្នុងចម្ងាយ ១៥០ម៉ែត្រ 
  • នៅជិតដល់កំពូលខ្ពស់និងនៅពេលចុះពីកំពូលខ្ពស់ 
  • នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយ 
  • នៅលើទ្រូងផ្លូវឯកទិស។ 
វិធានខាងលើនេះ ត្រូវបានលើកលែង ពេលមានសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ផ្លូវគោក ឬ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ។

មាត្រា២៦

នៅពេលមានថ្មើរជើងឆ្លងកាត់ អ្នកបើកបរត្រូវអនុវត្ដដូចខាងក្រោម៖
១-   គ្រប់ករណីទាំងអស់ អ្នកបើកបរត្រូវតែឈប់នៅពេលថ្មើរជើងកំពុងឆ្លងកាត់ឬរៀបនឹងឆ្លងកាត់នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់។
២- នៅត្រង់កន្លែងផ្លូវប្រសព្វឬនៅជិតកៀកផ្លូវប្រសព្វ អ្នកបើកបរត្រូវហាមឃាត់ក្នុងការ ធ្វើឲ្យអាក់ខានឬរាំងស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់ទ្រូងផ្លូវ ទោះបីគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ក៏ដោយ។
៣- ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ នៅត្រង់ផ្លូវប្រសព្វ ដែលមានភ្លើងសញ្ញាចរាចរណ៍ឬមានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ ទោះបីមានភ្លើងពណ៌បៃតងឬមានបញ្ជាភ្នាក់ងារឲ្យទៅមុខក៏ដោយ អ្នកបើកបរមិនត្រូវធ្វើឲ្យរំខានឬធ្វើឲ្យរាំងស្ទះដល់ថ្មើរជើងដែលកំពុងឆ្លងកាត់នៅលើគំនូសសញ្ញាថ្មើរជើងឆ្លងកាត់ឡើយ។ ចំពោះអ្នកបើកបរដែលបត់ចូលទ្រូងផ្លូវផ្សេងទៀត ហើយនៅទ្រូងផ្លូវនោះមានថ្មើរជើងកំពុងឆ្លងកាត់ អ្នកបើកបរត្រូវបន្ថយល្បឿន បើចាំបាច់ត្រូវឈប់ដើម្បីផ្ដល់សិទ្ធិឲ្យថ្មើរជើងឆ្លងកាត់រួចរាល់សិន។
៤- ក្នុងករណីមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់នៅត្រង់ផ្លូវប្រសព្វដែលគ្មានភ្លើងសញ្ញាចរាចរណ៍ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះ អ្នកបើកបរត្រូវបន្ថយល្បឿន ឬត្រូវឈប់ដើម្បីផ្ដល់សិទ្ធិឲ្យថ្មើរជើងដែលកំពុងឆ្លងកាត់ឬរៀបនឹងឆ្លងកាត់ទៅមុន។



ជំពូកទី៤
ការប្រើភ្លើងនិងសូរសព្ទយានជំនិះ




មាត្រា២៧

នៅពេលយប់ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង អ្នកបើកបរយាននៅលើទ្រូងផ្លូវត្រូវប្រើប្រាស់ភ្លើងសញ្ញាតាមលក្ខខណ្ឌ ដូចខាងក្រោម៖
១- ក្នុងករណីកំពុងបើកបរយានយន្ដ៖
ក- ភ្លើងហ្វា : នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បី មើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។
ហាមបើកភ្លើងហ្វានៅក្នុងទីក្រុងឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែងឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
ខ- ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម៖
  • នៅពេលយប់ នៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ 
  • នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹង ជៀសយានមួយផ្សេងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត 
  • នៅពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង 
  • ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភ្លែតៗ ជាសញ្ញាជំនួសស៊ីផ្លេ នៅពេលយប់។
គ- ភ្លើងទីតាំង : នៅពេលយប់ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត ប្រសិនបើទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។ ភ្លើងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្ដមានយាននិងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។

ឃ- ភ្លើងផ្សេងៗ : នៅពេលយប់ឬនៅពេលថ្ងៃដែលមានអាកាសធាតុមិនល្អ មិនអាចមើលទៅ មុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ៖
  • ភ្លើងក្រហម : សម្រាប់ប្រាប់វត្ដមាននៃយានជំនិះនិងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវ ដែលមើលពីក្រោយ
  • ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
  • ភ្លើងទទឹងយាន : បង្ហាញទំហំទទឹងយានឬបន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត
  • ភ្លើងសញ្ញាប្ដូរទិស : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត នៅពេលប្ដូរទិស ទៅឆ្វេងឬទៅស្ដាំ 
  • ភ្លើងសញ្ញាថយក្រោយ : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយយាន នៅពេលធ្វើចលនាថយក្រោយ 
  • ភ្លើងស្ដុប : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាននៅពេលជាន់ឬ ចាប់ ហ្វ្រាំង ដើម្បីបន្ថយល្បឿនឬបញ្ឈប់យាន
  • ភ្លើងសញ្ញាអាសន្ន : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតអំពីគ្រោះថ្នាក់ ដែលអាចកើតមានឡើង ដូចជានៅពេលអ្នកបើកបរត្រូវបង្ខំចិត្ដបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្ដោងរថយន្ដខូចឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ឬចតលើទ្រូងផ្លូវក្រៅទីប្រជុំជន ដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ 
  • ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើជំនួសភ្លើងកូត ឬអាចប្រើបន្ថែមលើភ្លើងកូតបាន 
  • ភ្លើងពេលថ្ងៃ : សម្រាប់ប្រើប្រាស់នៅពេលថ្ងៃ។ យានយន្តគ្រប់ប្រភេទអាចប្រើប្រាស់ភ្លើង នេះបានដើម្បីឲ្យយានជំនិះផ្សេងទៀតងាយស្រួលមើលឃើញ។
២- ក្នុងករណីកំពុងបើកបរយានដែលមិនមែនជាយានយន្ដ អ្នកបើកបរយានប្រភេទដូចខាងក្រោម ត្រូវអនុវត្ដដូចតទៅ៖
  • រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌សឬលឿងដាក់នៅខាងមុខ និងភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមមួយដាក់នៅខាងក្រោយ។ ភ្លើងទាំងពីរនេះ ដាក់នៅជ្រុងរទេះឈមនឹងទ្រូងផ្លូវ 
  • រទេះអូសទាញដោយសត្វ ត្រូវមានភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌សឬលឿងពីរដាក់នៅខាងមុខជ្រុងរទេះសងខាង និងត្រូវមានភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមពីរដាក់នៅខាងក្រោយជ្រុងរទេះសងខាង
  • ទោចក្រយាននិងត្រីចក្រយាន ត្រូវមានភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើងឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមយ៉ាងតិចមួយនៅខាងក្រោយ 
  • រ៉ឺម៉កសណ្ដោងដោយទោចក្រយានយន្តឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺឬភ្លើងពណ៌ក្រហម ពីរដាក់នៅខាងក្រោយជ្រុងរ៉ឺម៉កសងខាង
៣- ក្នុងករណីឈប់ឬចតយានយន្ដ នៅលើទ្រូងផ្លូវដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ៖
  • ភ្លើងទីតាំង : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខឲ្យដឹងពីវត្ដមានយាន និងទំហំទទឹងយាន 
  • ភ្លើងក្រហម : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងក្រោយឲ្យដឹងពីវត្ដមានយាននិងទំហំទទឹងយាន 
  • ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះ ឃើញច្បាស់ពីខាងក្រោយ។
នៅទីប្រជុំជន ការប្រើប្រាស់ភ្លើងសញ្ញាដែលបានចែងក្នុងចំណុច៣ នេះ មិនចាំបាច់ប្រើប្រាស់ទេ បើមានភ្លើងអគ្គិសនីបំភ្លឺ ហើយមានពន្លឺគ្រប់គ្រាន់អាចឲ្យអ្នកប្រើប្រាស់ផ្លូវមើលយានបានច្បាស់ពីចម្ងាយយ៉ាងតិច២០ម៉ែត្រ។
៤- ក្នុងករណីចតរ៉ឺម៉កឬសឺមីរ៉ឺម៉កដែលផ្ដាច់ចេញពីរថយន្ដ ត្រូវចតអែបចិញ្ចើមផ្លូវឬជាយផ្លូវហើយ ត្រូវប្រើភ្លើងសឬលឿងមួយនៅខាងមុខ និងភ្លើងក្រហមមួយនៅខាងក្រោយ។ ភ្លើងនីមួយៗត្រូវដាក់នៅ ជ្រុងនៃយាន“ជ្រុងរ៉ឺម៉ក”ដែលឈមមុខទៅនឹងទ្រូងផ្លូវដែលរ៉ឺម៉កឬសឺមីរ៉ឺម៉កតម្រៀបគ្នាតាមបណ្ដោយនោះ។ នៅក្នុងទីប្រជុំជន ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែល មានពន្លឺគ្រប់គ្រាន់អាចឲ្យអ្នកប្រើប្រាស់ផ្លូវមើលឃើញយានជំនិះដែលចតនៅលើទ្រូងផ្លូវពីចម្ងាយយ៉ាងតិច ១០០ម៉ែត្រ។
៥- ក្នុងករណីដែលយានជំនិះត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គឬគ្រោះថ្នាក់ចរាចរណ៍ ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវចុះទួល និងផ្លូវរថភ្លើងឆ្លងកាត់ ដោយមូលហេតុយានខូចគាំងឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នកបើកបរត្រូវប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្នឬ/និង ដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រ ពីខាងក្រោយ​យាន ដែលអាចមើលឃើញក្នុងចម្ងាយយ៉ាងតិច ១០០ម៉ែត្រ។
ក្នុងករណីដែលយានមានទំនិញធ្លាក់លើទ្រូងផ្លូវ ហើយមិនអាចលើកទំនិញបានភ្លាមៗនោះ ត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផ្សេងទៀត ដោយប្រើសញ្ញាត្រីកោណ និងភ្លើងសញ្ញាអាសន្នព្រមគ្នា ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច ៣០ម៉ែត្រ ពីទំនិញនោះ។
៦- ភ្លើងសញ្ញាពិសេសអាចប្រើបានគ្រប់ពេលវេលាក្នុងពេលកំពុងបំពេញភារកិច្ច ចំពោះយាន ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ។


មាត្រា២៨

ការប្រើប្រាស់សូរសព្ទយានជំនិះ ត្រូវអនុវត្ដដូចខាងក្រោម៖ 
១- ការប្រើប្រាស់សញ្ញាសូរសព្ទ “ស៊ីផ្លេ” ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ជៀសវាងនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុនិង ដើម្បី សុំជែងនៅក្រៅទីប្រជុំជន។ 
២- នៅពេលយប់សញ្ញាសូរសព្ទស៊ីផ្លេ ត្រូវជំនួសដោយសញ្ញាភ្លើងហ្វាកូតឆ្លាស់គ្នាសម្រាប់ឲ្យ ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់និងសុំជែង។
៣- សញ្ញាសូរសព្ទពិសេសអាចប្រើបានគ្រប់ពេលវេលាក្នុងពេលកំពុងបំពេញភារកិច្ចចំពោះ យានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈ ប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ។ 
៤- សញ្ញាសូរសព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយលើកលែងតែមាន ការប្រកាសអាសន្ន។ 
៥- សញ្ញាសូរសព្ទស៊ីផ្លេខ្យល់ត្រូវហាមប្រើនៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។

មាត្រា២៩

ការប្រើភ្លើងសញ្ញាពិសេសនិងសូរសព្ទពិសេសត្រូវអនុវត្ដដូចខាងក្រោម៖
១- ភ្លើងសញ្ញាពិសេស គឺជាភ្លើងបន្ថែមមានជះពន្លឺផ្លេក បន្ទោរភ្លឹបភ្លែតៗវិលជុំវិញនិងមានច្រើនពណ៌ ដែលមានអត្ថន័យដូចខាងក្រោម៖
ក- ភ្លើងសញ្ញាពិសេសពណ៌ខៀវឬក្រហម ត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ នៅពេលកំពុងបំពេញភារកិច្ច ដើម្បីឲ្យដំណឹងពីវត្ដមានយានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
ខ- ភ្លើងសញ្ញាពិសេសពណ៌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈដូចជា យានលាង សម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និងយានដឹកជញ្ជូន ពិសេសដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយ ត្រូវបើកបរក្នុងល្បឿនយឺត។
២- សញ្ញាសូរសព្ទពិសេស គឺជាសញ្ញាសូរសព្ទបន្ថែមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានពន្លត់អគ្គិភ័យ យាន សង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ ដែលមានបន្ថែមសំឡេងស៊ីរ៉ែនរោទិ៍។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបន្ថែមសំឡេងរោទិ៍ពីរដងឡើងចុះៗ។
៣- នៅពេលជួបយានដែលបញ្ចេញភ្លើងសញ្ញាពិសេសពណ៌លឿងទុំកំពុងបំពេញភារកិច្ចអ្នក បើកបរត្រូវប្រុងប្រយ័ត្នក្នុងការជៀសនិងជែងយានទាំងនេះ។ 
៤- នៅពេលជួបយានមានសិទ្ធិអាទិភាពកំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេសនិង សញ្ញាសូរសព្ទពិសេស អ្នកប្រើប្រាស់ផ្លូវដទៃទៀត ត្រូវបន្ថយល្បឿនអែបខាងស្ដាំ ឬឈប់ដើម្បីទុកឲ្យយាន ទាំងនេះជែងជៀស ឬឆ្លងកាត់ដោយងាយស្រួល។
ដោយឡែកនៅពេលកំពុងបំពេញភារកិច្ច យានមានសិទ្ធិអាទិភាពដូចជាយានពន្លត់អគ្គិភ័យ យាន សង្គ្រោះរបស់មន្ទីរពេទ្យ យាននគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ ឬក្បួនយានដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ អាចបើកបរ៖ 
  • បញ្ច្រាសទិសនៅលើផ្លូវឯកទិស 
  • នៅពេលភ្លើងសញ្ញាចរាចរណ៍ បញ្ចេញពន្លឺពណ៌ក្រហម 
  • ក្នុងល្បឿនមិនកំណត់ 
  • ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ 
  • កាត់ឬជាន់ខ្សែគំនូសបង្ហូតជាប់។
ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បី ជៀសវាងគ្រោះថ្នាក់ ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ ជាដាច់ខាត។

មាត្រា៣០

ការបំពាក់សញ្ញាសូរសព្ទ ភ្លើងបំភ្លឺ ឬ ភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់ លក្ខណៈបច្ចេកទេស របស់យានជំនិះត្រូវហាមឃាត់។

ជំពូកទី៥
ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ

មាត្រា៣១

ថ្មើរជើង និងអ្នកអូសឬអ្នករុញរទេះដៃ ត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬសញ្ញា បញ្ជារបស់ភ្នាក់ងារចរាចរណ៍។
ថ្មើរជើងនិងអ្នកអូសឬអ្នករុញរទេះដៃ ត្រូវអនុវត្ដដូចខាងក្រោម៖ 
១- ហាមប្រើប្រាស់ទ្រូងផ្លូវ បើនៅសងខាងទ្រូងផ្លូវមានចិព្ចើាមផ្លូវឬជាយផ្លូវដែលជាកន្លែងបម្រុងទុកឲ្យថ្មើរជើងទៅមក។ 
២- អនុញ្ញាតឲ្យប្រើប្រាស់ទ្រូងផ្លូវ បើចិព្ចើាមផ្លូវឬជាយផ្លូវគ្មានលទ្ធភាពឲ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឲ្យកៀកជិតចិព្ចើាមផ្លូវតាមទិសចរាចរណ៍។
៣- ត្រូវឆ្លងកាត់តាមគំនូសសញ្ញា ប្រសិនបើមានគំនូសសញ្ញានៅជិតនោះ។
៤- នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់៖
  • ថ្មើរជើងត្រូវគោរពតាមបញ្ជាភ្នាក់ងារចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍ 
  • នៅកន្លែងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ឬគ្មានភ្នាក់ងារចរាចរណ៍បញ្ជាទេ ថ្មើរជើងត្រូវមានការប្រុងប្រយ័ត្នមុននឹងឆ្លងកាត់ទ្រូងផ្លូវ។
៥- នៅកន្លែងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់៖
  • ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន ឬធ្វើឲ្យមានគ្រោះថ្នាក់អ្វីឡើយ 
  • នៅពេលឆ្លងកាត់ទ្រូងផ្លូវ ហាមថ្មើរជើងឆ្លងកាត់កន្លែងប្រសព្វនៃទ្រូងផ្លូវ តែថ្មើរជើងត្រូវឆ្លង កាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបង្អែបង្អង់ឬឈប់នៅលើទ្រូងផ្លូវបើគ្មានការចាំបាច់។
៦- ហាមកុមារអាយុតិចជាង ៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
៧- ចំពោះជនងងឹតភ្នែកទាំងពីរដែលធ្វើដំណើរលើផ្លូវថ្នល់និងឆ្លងកាត់ផ្លូវថ្នល់ ត្រូវមានមនុស្សឬសត្វឬឧបករណ៍សម្រាប់នាំផ្លូវ។

ក្បួនដង្ហែផ្សេងៗនិងការប្រើប្រាស់ផ្លូវសម្រាប់គោលបំណងផ្សេងទៀតដែលមានការអនុញ្ញាតពីអាជ្ញាធរ​មានសមត្ថកិច្ច ត្រូវគោរពតាមការណែនាំដូចខាងក្រោម៖

មាត្រា៣២

ក- ក្បួនដង្ហែផ្សេងៗ៖
  • ត្រូវហែនៅអែបទ្រូងផ្លូវខាងស្ដាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផ្នែកខាងឆ្វេងឲ្យនៅទំនេរទាំងស្រុង 
  • អាចដើរហែក្បួនជាពីរ បី ឬបួនជួរបាន ដោយប្រមាណដល់ទទឹងទ្រូងផ្លូវ ហើយត្រូវគោរព បទបញ្ជាចរាចរណ៍ 
  • ត្រូវកាន់ភ្លើងពណ៌សនៅខាងមុខ និងត្រូវកាន់ភ្លើងពណ៌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថ្ងៃកាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។
ខ- ការប្រើប្រាស់ផ្លូវសម្រាប់គោលបំណងផ្សេងទៀត តាមការចាំបាច់ អាចអនុញ្ញាតឲ្យបានតាម ការកំណត់នៃប្រកាសអន្តរក្រសួង រវាងរដ្ឋមន្រ្តីក្រសួងមហា​ផ្ទៃនិងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឬប្រកាសអន្តរក្រសួងរវាងរដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃនិងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

មាត្រា៣៣

អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វ ត្រូវអនុវត្ដដូចខាងក្រោម៖
១- មិនត្រូវបង្កឲ្យមានឧបសគ្គឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយត្រូវដាក់ ចំនួនមនុស្សដឹកឲ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឲ្យទៅឬឈប់បានគ្រប់គ្រាន់និងទាន់ពេលវេលា។
២- នៅពេលយប់ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់ ត្រូវប្រើភ្លើងពណ៌សនៅខាងមុខ និងភ្លើងពណ៌ក្រហមនៅខាងក្រោយ។
៣- នៅពេលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផ្សេងៗទៀតដែលកំពុង ធ្វើចរាចរណ៍។
៤- នៅក្នុងទីប្រជុំជន អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វនៅលើទ្រូងផ្លូវ ត្រូវឈប់នៅតាមទិសដែល ខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្ដដូចខាងក្រោម៖
  • ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្ដាំតាមទិសចរាចរណ៍របស់ខ្លួន 
  • ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្ដាំឬខាងឆ្វេងតាមទិសចរាចរណ៍លើកលែងតែមាន ផ្លាកសញ្ញាហាមឃាត់។ 

៥- ហាមលែងសត្វឲ្យដើររហេតរហូតលើផ្លូវ។

ជំពូកទី៦
ករណីមានគ្រោះថ្នាក់ចរាចរណ៍

មាត្រា៣៤

គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក។ នៅរាល់ករណី គ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ផ្លូវគោកត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី៖
១- រក្សាសណ្ដាប់ធ្នាប់សាធារណៈនៅកន្លែងកើតហេតុ។
២- ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
៣- រក្សាសន្ដិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ ទប់ស្កាត់ជម្លោះដែលបណ្ដាលមកពីគ្រោះថ្នាក់ ចរាចរណ៍។
៤- ចាត់វិធានការជំនាញ ប្រមូលភស្ដុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្ដីពីគ្រោះថ្នាក់ចរាចរណ៍។

មាត្រា៣៥

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ភាគីពាក់ព័ន្ធនឹងគ្រោះថ្នាក់ ត្រូវអនុវត្ដដូចខាងក្រោម៖
១- បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខានឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀត។
២- មិនត្រូវធ្វើឲ្យមានការប្រែប្រួលដល់ទីកន្លែងកើតហេតុ ឬឲ្យបាត់ដានឬស្នាម ដែលជាកត្ដា មានប្រយោជន៍ដល់ការស្វែងរកអ្នកទទួលខុសត្រូវក្នុងរឿងគ្រោះថ្នាក់។
៣- ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដីឬនគរបាលចរាចរណ៍ផ្លូវគោកនៅជិតបំផុត។
៤- មិនត្រូវប្រើហិង្សាឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
៥- មិនត្រូវចាកចេញពីកន្លែងកើតហេតុមុនការព្រមព្រៀងគ្នា ឬដោយគ្មានការអនុញ្ញាតពីនគរ បាលចរាចរណ៍ផ្លូវគោក។
ចំពោះអ្នកឃើញហេតុការណ៍ ត្រូវជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដីឬនគរបាលចរាចរណ៍ ផ្លូវគោកនៅជិតបំផុត។

មាត្រា៣៦

បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែទ្រព្យសម្បត្តិ ភាគីទាំងពីរអាចសម្រួលគ្នាបានដោយ មិនចាំបាច់សុំអន្តរាគមន៍ពីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកឡើយ។

មាត្រា៣៧

ក្នុងករណីមានមនុស្សរងរបួសឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកឃើញហេតុការណ៍នេះ ត្រូវចាត់ចែងជូនព័ត៌មានទៅអាជ្ញាធរដែនដីឬនគរបាលចរាចរណ៍ផ្លូវគោក ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។

មាត្រា៣៨

ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាង ជាភ្នាក់ងារទូត ឬបេសកកម្មទូត នគរបាលចរាចរណ៍ ផ្លូវគោកត្រូវចម្លងកំណត់ហេតុ និងធ្វើរបាយការណ៍ ស្ដីពីគ្រោះថ្នាក់នេះផ្ញើទៅក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាង មកចូលរួមសហការ ជាមួយនគរបាលចរាចរណ៍ ផ្លូវគោកដើម្បីពិនិត្យនិងលើកវិធានការសមស្រប។

ជំពូកទី៧
ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន

មាត្រា៣៩

បណ្ណបើកបរជាតិនិងបណ្ណបើកបរអន្តរជាតិសម្រាប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវចេញ ដោយក្រសួងសាធារណការនិងដឹកជញ្ជូន លើកលែងតែបណ្ណបើកបរសម្រាប់អ្នកបើកបរយានយន្តយោធា និងនគរបាលគ្រប់ប្រភេទ ជាពិសេស សម្រាប់បម្រើជំនាញដូចជា រថក្រោះ រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែហម ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃឬក្រសួងការពារជាតិ ដែលត្រូវចេញដោយក្រសួងសាមី។


នីតិវិធីនៃការចេញបណ្ណបើកបរអន្តរជាតិ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ 
ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវផ្តល់បញ្ជីស្ថិតិអ្នកមានបណ្ណបើកបរមកក្រសួងមហាផ្ទៃមួយ ខែម្តង។



មាត្រា៤០

បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា មាន ៥ប្រភេទដូចខាងក្រោម៖

ប្រភេទ ក : ទោចក្រយានយន្តនិងត្រីចក្រយានយន្តមាន៖
ក១- ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៤៩ ដល់ ១២៥សង់ទី​ម៉ែត្រ​គូប ឬទោចក្រយានយន្តប្រើប្រាស់ថាមពលអគ្គិសនី ដែលគ្មានឈ្នាន់ធាក់ដូចទោចក្រយាន។

ក២- ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
- ទោចក្រយានយន្តមានសណ្តោងនិងត្រីចក្រយានយន្ត។

ប្រភេទ ខ : រថយន្តដឹកអ្នកដំណើរមិនលើសពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ
  • រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន 
  • រថយន្តក្នុងប្រភេទខនេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
ប្រភេទ គ : រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

ប្រភេទ ង : រថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ត្រូវចែកជាបីប្រភេទ គឺប្រភេទ ង(ខ) ប្រភេទ ង(គ) និងប្រភេទ ង (ឃ)។

ប្រភេទ ឃ : រថយន្ដដឹកអ្នកដំណើរ៖

ឃ១ : រថយន្ដដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។


ឃ២ : រថយន្ដដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្ដោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។

មាត្រា៤១

លក្ខខណ្ឌផ្សេងៗទាក់ទងនឹងបណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម៖ 

១- អ្នកបើកបរម្នាក់មានសិទ្ធិកាន់បណ្ណបើកបរតែមួយគត់ ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ បណ្ណបើកបរត្រូវបានបែងចែកច្បាស់លាស់តាមប្រភេទយានយន្តដែលអ្នកបើកបរមានសិទ្ធិបើកបរ។ បណ្ណបើកបរនីមួយៗត្រូវប្រើប្រាស់ភ្ជាប់ជាមួយនូវបណ្ណពិន្ទុ។ បែបបទនិងនីតិវិធីនៃការចេញ បណ្ណបើកបរនិងបណ្ណពិន្ទុ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
២- ជនពិការមានសិទ្ធិបើកបរយានយន្តពិសេសសម្រាប់តែជនពិការ និងលក្ខខណ្ឌនៃការចេញ បណ្ណបើកបរសម្រាប់ជនពិការ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

៣- អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទបណ្ណបើកបរ ដូចខាងក្រោម៖
  • អាយុ ១៦ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ក១ 
  • អាយុ ១៨ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ក២ និង ខ 
  • អាយុ ២២ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ 
  • អាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង។
៤- អ្នកមានបណ្ណប្រភេទ ក២ អាចបើកបរយានយន្ដប្រភេទ ក១ បាន។
៥- អ្នកមានបណ្ណបើកបរប្រភេទ ខ អាចបើកបរយានយន្តប្រភេទ ក១ យានយន្តកសិកម្ម ឬយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាមិនលើសពី៤០គីឡូម៉ែត្រក្នុងមួយម៉ោង តែមិនអាចបើកបរយានយន្តប្រភេទផេ្សងទៀតបានទេ។
៦- ចំពោះអ្នកបើកបរយានយន្តុបករណ៍ដែលមានល្បឿនអតិបរមាលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានបណ្ណបើកបរប្រភេទ គ ។
៧- ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ គ ត្រូវមានបណ្ណបើកបរប្រភេទ​ ខ ឬ ឃ១ សិន។
៨- អ្នកបើកបរយានយន្តប្រភេទ គ ឬ ឃ អាចបើកបរយានយន្តប្រភេទ ខ បាន។
៩- អ្នកមានបណ្ណបើកបរប្រភេទ គ មិនអាចបើកបរយានយន្តប្រភេទ ឃ២ បានទេ ប៉ុន្តែអ្នកមានបណ្ណបើកបរប្រភេទ ឃ២ អាចបើកបរយានយន្តប្រភេទ ខ ឬ គ ឬ ឃ១ បាន។
១០- ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ ឃ១ ត្រូវមានបណ្ណបើកបរប្រភេទ ខ សិន។
១១- ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ ឃ២ ត្រូវមានបណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ១ សិន។
១២- ដើម្បីមានសិទ្ធិប្រឡងយកបណ្ណបើកបរប្រភេទ ង ត្រូវមានបណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ សិន។
១៣- អ្នកមានបណ្ណបើកបរប្រភេទ ង អាចមានសិទ្ធិបើកបររថយន្តសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន បានទៅតាមប្រភេទ បណ្ណបើកបរដូចជា ង(ខ) ឬ ង(គ) ឬ ង(ឃ)។

មាត្រា៤២

អ្នកកាន់បណ្ណបើកបរគ្រប់ប្រភេទមានសិទ្ធិបើកបរយានយន្តបានរហូតដល់អាយុ ៦៥ឆ្នាំ។ ចាប់ពីអាយុ ៦៥ឆ្នាំ ឡើងទៅ អ្នកកាន់បណ្ណបើកបរអាចអនុញ្ញាតឲ្យបើកបរបាន ប៉ុន្តែត្រូវពិនិត្យសុខភាព និងប្តូរ បណ្ណបើកបរដែលមានសុពលភាពរយៈពេល ២ឆ្នាំម្តង។


សុពលភាពនៃប្រភេទបណ្ណបើកបរ ក ខ គ ឃ និងងមានរយៈពេល ដូចខាងក្រោម៖

១- បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ មានសុពលភាពរយៈពេល ១០ឆ្នាំ។

២- បណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាពរយៈពេល ៥ឆ្នាំ។

៣- អ្នកកាន់បណ្ណបើកបរ ត្រូវសុំប្ដូរបណ្ណបើកបរមុនអស់សុពលភាពដោយភ្ជាប់មកជាមួយនូវលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថាអាចបើកបរបាន។ ការមិនបានមកប្ដូរបណ្ណបើកបរថ្មី ត្រូវទទួលការពិន័យស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

ការពិនិត្យសុខភាពត្រូវមានលិខិតបញ្ជាក់ថាអាចបើកបរបានពីគ្រូពេទ្យនៅតាមមន្ទីរពេទ្យឬមណ្ឌល សុខភាពដែលត្រូវកំណត់ដោយក្រសួងសុខាភិបាល។


មាត្រា៤៣

គ្រប់បណ្ណបើកបរត្រូវមានបណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន ១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយនៅពេលប្រព្រឹត្ដបទល្មើសចរាចរណ៍ ដែលមានដូចខាងក្រោម៖

ក- ត្រូវកាត់បន្ថយ ១ ពិន្ទុ៖
  • មិនពាក់ខ្សែក្រវាត់ឬមួកសុវត្ថិភាព 
  • ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ 
  • បើកបរជាន់តាមខ្សែគំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ 
  • បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង 
  • បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ដ 
  • ផ្ទុកមនុស្សលើសកំណត់។
ខ- ត្រូវកាត់បន្ថយ ២ ពិន្ទុ៖
  • បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង 
  • បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន 
  • បត់ឆ្វេង ស្ដាំ មិនបានត្រឹមត្រូវ 
  • បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ 
  • មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ 
  • បត់ឆ្វេង ស្ដាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង
  • ជែងឬជៀសមិនបានត្រឹមត្រូវ 
  • បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឲ្យមានគ្រោះថ្នាក់ 
  • បើកបរដោយធ្វេសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត 
  • មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ 
  • យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ 
  • ផ្ទុកទំនិញមិនបានត្រឹមត្រូវ
  • ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ 
  • ឈប់ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ 
  • ដាក់កុមារអាយុក្រោម ១០ឆ្នាំ ឲ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ដ 
  • មិនបានដាក់កុមារអាយុក្រោម ៥ឆ្នាំ ឲ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយឬដេកក្នុង រថយន្ត 
  • គេចពីមន្ដ្រីនគរបាលចរាចរណ៍ដែលធ្វើការត្រួតពិនិត្យ។
គ- ត្រូវកាត់បន្ថយ ៣ ពិន្ទុ៖
  • ឈប់ឬចតនៅកន្លែងដែលគ្រោះថ្នាក់ 
  • ជែងដែលប្រកបដោយគ្រោះថ្នាក់ 
  • បើកបរជែងគ្នានៅកន្លែងហាមឃាត់ 
  • ប្ដូរទិសគ្មានឲ្យសញ្ញាជាដំណឹង 
  • បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្ដាលទ្រូងផ្លូវ 
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ ០,៣៩មីលីក្រាមក្នុងមួយ លីត្រខ្យល់ ឬចាប់ពី ០,៥០ ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម 
  • បើកបរប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត 
  • កំហុសនៃការឈប់ឬការមិនផ្ដល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់ 
  • មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម 
  • មិនគោរពផ្លាកសញ្ញាឈប់ឬសញ្ញាសិទ្ធិអាទិភាព 
  • មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។
ឃ- ត្រូវកាត់បន្ថយ ៤ ពិន្ទុ៖
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង 
  • បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ 
  • បើកបរទន្ទឹមគ្នា 
  • ធ្វើឲ្យស្ទះចរន្ដចរាចរណ៍
  • មិនបានផ្ដល់សិទ្ធិអាទិភាពឲ្យយានយន្ដមានសិទ្ធិអាទិភាព 
  • ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ 
  • បើកបរបញ្ច្រាសទិសចរាចរណ៍ 
  • បើកបរបង្ហោះ រេចុះឡើង ឆាប ឬកៀរ។
ង- ត្រូវកាត់បន្ថយ ៦ ពិន្ទុ៖
  • បើកបរលើសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ 
  • បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពលគ្រឿងញៀន 
  • រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍ 
  • ប្រើប្រាស់ផ្លាកលេខនិងបណ្ណសម្គាល់យានយន្ដក្លែងក្លាយ
  • បើកបរល្មើសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឲ្យអ្នករងគ្រោះមានអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុឬស្លាប់ 
  • កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាពឬមិនត្រឹមត្រូវតាមប្រភេទយាន 
  • បដិសេធមិនឲ្យធ្វើតេស្ដជាតិអាល់កុលឬសារធាតុញៀន 
  • ផ្ទុកមនុស្សលើទំនិញ។ 
  • ក្នុងករណីប្រព្រឹត្ដបទល្មើសម្ដង ការកាត់ពិន្ទុមិនត្រូវឲ្យលើសពី ៨ពិន្ទុ ឡើយ។

មាត្រា៤៤

ករណីដែលពាក់ព័ន្ធនឹងបណ្ណពិន្ទុ៖
  • ក្នុងករណីអស់ពិន្ទុ បណ្ណបើកបរត្រូវទុកជាមោឃៈ។ បើអ្នកបើកបរមានបំណងចង់បានបណ្ណបើកបរថ្មី ត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ លើកលែងតែអ្នកបើកបរបង្កឲ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឲ្យអ្នករងគ្រោះមានអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុឬស្លាប់ អ្នកបើកបរអាចរៀននិងប្រឡងយកបណ្ណបើកបរជាថ្មីឡើងវិញក្នុង រយៈពេលយ៉ាងតិច ៥ឆ្នាំ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ
  • ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្ដែក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ពីការដកពិន្ទុចុងក្រោយ អ្នកបើកបរមិនបានធ្វើឲ្យមានកំហុសអ្វីមួយថែមទៀតដើម្បីឲ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរត្រូវទទួលបណ្ណពិន្ទុថ្មីដែលមានចំនួន ១២ពិន្ទុដោយស្វ័យ ប្រវត្ដិ 
  • ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្ដែអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល ២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងការរៀននេះ ពិន្ទុអាចកើនឡើង ៤ពិន្ទុ ប៉ុន្ដែមិនអនុញ្ញាតឲ្យមានចំនួនសរុបលើសពី ១១ពិន្ទុ ឡើយ។ អ្នកបើកបរអាចរៀនបានច្រើនដង ដើម្បីបង្កើនក្នុង រយៈពេល ២ឆ្នាំ យ៉ាងយូរ។
នីតិវិធីនៃការដកនិងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ត្រូវកំណត់ដោយប្រកាសអន្តរ ក្រសួងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា៤៥

លើកលែងតែមានកិច្ចព្រមព្រៀងឬអនុសញ្ញាអន្តរជាតិទទួលស្គាល់បណ្ណបើកបរទៅវិញទៅមកជាទ្វេភាគីឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា ជនបរទេសដែលចូលមកស្នាក់នៅស្របច្បាប់ហើយមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានបណ្ណបើកបរកម្ពុជាតាមមធ្យោបាយពីរយ៉ាង៖

១- ត្រូវប្រឡងយកបណ្ណបើកបរដូចប្រជាពលរដ្ឋខ្មែរដែរ។

២- ត្រូវយកបណ្ណបើកបររបស់ប្រទេសខ្លួនមកប្ដូរយកបណ្ណបើកបរកម្ពុជាដោយដាក់ពាក្យសុំនៅក្រសួងសាធារណការនិងដឹកជញ្ជូន និងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក- ត្រូវមានលិខិតឆ្លងដែននិងទិដ្ឋាការមានសុពលភាព។

ខ- ត្រូវមានបណ្ណបើកបរមានសុពលភាព។

គ- មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្ដីបញ្ជាក់របស់មេឃុំឬចៅសង្កាត់។

ឃ- មានលិខិតបញ្ជាក់កាយសម្បទា។

ង- ក្នុងករណីដែលបណ្ណបើកបរមិនសរសេរជាភាសាអង់គ្លេសឬភាសាបារាំង ត្រូវតែបកប្រែជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬភាសាបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬទីស្ថានកុងស៊ុល ឬទីស្ថានរបស់បេសកកម្មរបស់ខ្លួន។

សុពលភាពបណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្ដូរយក បណ្ណបើកបរកម្ពុជាមានរយៈពេល ១ឆ្នាំ។ សុពលភាពបណ្ណបើកបររបស់ជនបរទេសដែលបានប្រឡងជាប់ មានរយៈពេលដូចគ្នានឹងពល​រដ្ឋ​ខែ្មរ​ដែរ។

ជនបរទេសដែលមានបណ្ណបើកបរប្រភេទ គ ឃ និង ង មិនអាចប្ដូរយកបណ្ណបើកបរកម្ពុជាប្រភេទ គ ឃ និង ង បានឡើយ ប៉ុន្ដែអាចប្ដូរយកបណ្ណបើកបរប្រភេទ ក និង ខ បាន។

មាត្រា៤៦

គ្រប់សាលាបង្រៀនបើកបរយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរ

យានយន្ត ត្រូវមានកម្មវិធីសិក្សានិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនិងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

គ្រប់គ្រូបង្រៀននៅសាលាបង្រៀនបើកបរយានយន្ត ត្រូវមានវិញ្ញាបន​ បត្របញ្ជាក់សមត្ថភាពគ្រូ បង្រៀនបើកបរយានយន្ត ដែលចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។


លក្ខខណ្ឌនិងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មសាលាបង្រៀនបើកបរយានយន្តនិង ការប្រឡងយកវិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត ព្រមទាំងកម្មវិធីសិក្សានៅសាលា បង្រៀនបើកបរយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

ក្នុងករណីចាំបាច់ ក្រសួងមហាផ្ទៃមានសិទ្ធិត្រួតពិនិត្យគ្រប់សាលាបង្រៀនបើកបរយានយន្តទាំងអស់។

មាត្រា៤៧

គ្រប់យានយន្តនៅពេលដាក់ឲ្យធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ត្រូវមានបណ្ណសម្គាល់យានយន្តនិងមាន ពាក់ផ្លាកលេខសម្គាល់យានយន្ត។


គ្រប់យានយន្ត ត្រូវចុះបញ្ជីផ្តល់បណ្ណសម្គាល់យានយន្ត និងបំពាក់ផ្លាកលេខសម្គាល់យានយន្តដោយ ក្រសួងសាធារណការនិងដឹកជញ្ជូនលើកលែងតែយានយន្តដែលជាទ្រព្យសម្បត្ដិរបស់រដ្ឋ សម្រាប់បម្រើការ សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម និងការពារជាតិ គ្រប់គ្រងដោយក្រសួងមហាផ្ទៃឬក្រសួងការពារជាតិត្រូវចុះបញ្ជីយានយន្តផ្ដល់បណ្ណសម្គាល់យានយន្ដ និងបំពាក់ផ្លាកលេខ ដោយក្រសួងមហាផ្ទៃឬក្រសួងការពារជាតិ។
យានយន្តដែលពុំទាន់ចុះបញ្ជីយានយន្តសុំបណ្ណសម្គាល់និងគ្មានផ្លាកលេខ ត្រូវផ្ទុកលើយានដែលមានផ្លាកលេខនៅពេលធ្វើចរាចរណ៍។ ចំពោះរ៉ឺម៉កឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី ៧៥០គីឡូក្រាម ត្រូវចុះបញ្ជីរ៉ឺម៉កឬសឺមីរ៉ឺម៉កសុំបណ្ណសម្គាល់រ៉ឺម៉កឬសឺមីរ៉ឺម៉កនិងសុំផ្លាកលេខដូចយានយន្តដែរ។


ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវផ្ដល់បញ្ជីស្ថិតិយានយន្ដគ្រប់ប្រភេទដែលបានចុះបញ្ជីរួច ជូនក្រសួងមហាផ្ទៃមួយខែម្ដង។

ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ ត្រូវផ្ដល់ព័ត៌មានអំពីចំនួនរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬគ្រឿងចក្រដែលជាទ្រព្យសម្បត្ដិរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ជូន ក្រសួងសាធារណការនិងដឹកជញ្ជូន ៣ខែម្ដងលើកលែងព័ត៌មានសម្ងាត់ដែលពាក់ព័ន្ធនឹងសន្ដិសុខជាតិ។

ការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៤៨

គ្រប់ម្ចាស់ហាងលក់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទចុះបញ្ជីយានយន្តសុំ បណ្ណសម្គាល់យានយន្តនិងសុំផ្លាកលេខសម្គាល់យានយន្តឲ្យបានចប់សព្វគ្រប់មុននឹងប្រគល់ឲ្យអ្នកទិញ។

ការលក់ទិញ ការធ្វើអំណោយ និងរាល់ទម្រង់ផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្តូរកម្មសិទ្ធិករនៃយានយន្ត ត្រូវបំពេញសំណុំបែបបទដើម្បីផ្ទេរកម្មសិទ្ធិយានយន្តមិនឲ្យលើសពីរយៈពេល ៩០ថ្ងៃ។


ម្ចាស់យានយន្តគ្រប់ប្រភេទ មានកាតព្វកិច្ចបំពេញបែបបទលុបចេញពីបញ្ជីយានយន្តនូវយានយន្តទាំងឡាយដែលឈប់ប្រើប្រាស់។

បែបបទនិងនីតិវិធីនៃការចុះបញ្ជីយានយន្ត ការផ្តល់ផ្លាកលេខសម្គាល់យានយន្ត ការផ្ទេរកម្មសិទ្ធិយានយន្ត និងការលុបចេញពីបញ្ជីយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា៤៩

គ្រប់រថយន្ដ រ៉ឺម៉ក និងសឺមីរ៉ឺម៉កដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូនឬក្រុមហ៊ុនដែលមានការ អនុញ្ញាតពីក្រសួងសាធារណការនិងដឹកជញ្ជូន។


សុពលភាពនៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ត្រូវកំណត់ដូចខាងក្រោម៖

១- រថយន្ដថ្មីជាប្រភេទរថយន្តគ្រួសារដែលមិនទាន់ប្រើប្រាស់ ត្រូវសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដលើកទី១ ដែលមានសុពលភាព ៤ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ២ឆ្នាំ ម្ដង។

២- រថយន្ដចាស់ជាប្រភេទរថយន្តគ្រួសារដែលបានប្រើប្រាស់រួចហើយ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ០២ឆ្នាំ ម្ដង។

៣- រថយន្ដថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងរថយន្ដុបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ ត្រូវសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដលើកទី១ ដែលមានសុពលភាព ២ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់១ឆ្នាំ ម្ដង។

៤- រថយន្ដចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងរថយន្ដុបករ-ណ៍ចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ១ឆ្នាំ ម្ដង។

៥- រ៉ឺម៉កថ្មីនិងសឺមីរ៉ឺម៉កថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវសុំវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដដែលមានសុពលភាព ២ឆ្នាំ។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ១ឆ្នាំ ម្ដង។

៦- រ៉ឺម៉កចាស់និងសឺមីរ៉ឺម៉កចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ១ឆ្នាំ ម្ដង។

៧- ត្រីចក្រយានយន្តនិងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រូវធ្វើការត្រួត ពិនិត្យលក្ខណៈបច្ចេកទេសរៀងរាល់ ១ឆ្នាំ ម្ដង។

៨- គ្រប់រថយន្ដ រ៉ឺម៉ក និងសឺមីរ៉ឺម៉កដែលទើបបានកែច្នៃក្នុងប្រទេសរួច មុននឹងចុះបញ្ជីសុំបណ្ណសម្គាល់និងសុំផ្លាកលេខ ត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជាមុនសិន។ បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសរៀងរាល់ ១ឆ្នាំ ម្ដង។

ការកំណត់លក្ខណៈបច្ចេកទេសយានជំនិះ និងការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥០

គ្រប់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្ម ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

លក្ខខណ្ឌនិងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥១

ម្ចាស់យានយន្តដែលតម្រូវឲ្យមានការធានារ៉ាប់រងជាកាតព្វកិច្ច ត្រូវបំពេញកាតព្វកិច្ចធានារ៉ាប់រង ស្របតាមច្បាប់ស្តីពីការធានារ៉ាប់រងនិងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការធានារ៉ាប់រង នៅពេលដែលយានយន្តត្រូវបានយកទៅធ្វើចរាចរណ៍នៅលើផ្លូវថ្នល់។

មាត្រា៥២

គ្រប់យានដ្ឋានជួសជុលយានយន្ដនិងយានដ្ឋានកែច្នៃដំឡើងយានយន្ដ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផ្ទៃ។

ការគ្រប់គ្រងយានដ្ឋានជួសជុលនិងយានដ្ឋានកែច្នៃដំឡើងយានយន្ត ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៥៣

នីតិបុគ្គលដែលធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរនៅក្នុងប្រទេសឬឆ្លងដែន ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

លក្ខខណ្ឌនិងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេសឬឆ្លងដែន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥៤

គ្រប់យានយន្ត រ៉ឺម៉ក ដែលយកទៅប្រើប្រាស់ក្នុងការធ្វើអាជីវកម្មដឹកជញ្ជូនទំនិញឬអ្នកដំណើរ ត្រូវ មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូនចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន។

លក្ខខណ្ឌនិងនីតិវិធីនៃការចេញលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុង ប្រទេសឬឆ្លងដែន ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥៥

គ្រប់យានយន្តឬរ៉ឺម៉កដែលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូន ត្រូវមាន៖

ក- បណ្ណសម្គាល់យានយន្ដឬបណ្ណសម្គាល់រ៉ឺម៉កនិងផ្លាកលេខ

ខ- បណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ដ

គ- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ

ឃ- លិខិតអនុញ្ញាតឲ្យយានយន្ដឬរ៉ឺម៉កធ្វើអាជីវកម្មដឹកជញ្ជូន

ង- វិញ្ញាបនបត្រធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង

ច- លិខិតអនុញ្ញាតផ្សេងទៀតចេញដោយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

មាត្រា៥៦

ការរៀបចំផ្ទុកទំនិញនិងមនុស្ស ត្រូវអនុវត្ដដូចខាងក្រោម៖

១- ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារនឹង៖
  • ការបង្កគ្រោះថ្នាក់ដល់មនុស្សឬការធ្វើឲ្យខូចទ្រព្យសម្បត្ដិសាធារណៈឬឯកជន ដោយការអូសឬធ្លាក់តាមផ្លូវ 
  • ការបាំងភ្នែកអ្នកបើកបរឬការធ្វើឲ្យអន់ថយដល់លំនឹងយាននិងការបើកបរយាន 
  • ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផ្សេងៗទៀតដែលអាចជៀសវាងបាន 
  • ការធ្វើឲ្យបាំងភ្លើងស្ដុប ភ្លើងសញ្ញាប្ដូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ដ។
២- គ្រប់ឧបករណ៍ការពារបន្ថែមដូចជាខ្សែនីឡុង ខ្សែកាបច្រវាក់ និងកម្រាលសំពត់តង់ដែល ប្រើប្រាស់សម្រាប់សុវត្ថិភាពឬការពារទំនិញ ត្រូវគ្របនិងចងឲ្យបានជាប់ល្អ។

៣- ក្នុងគ្រប់ករណីនៃការផ្ទុកវត្ថុផ្សេងៗដែលមានបណ្ដោយវែងបន្ទុកនោះមិនត្រូវឲ្យលូតហួស ពីគែមខាងមុខនៃយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានប្រវែង ៣ម៉ែត្រ ឬធ្លាក់អូសដីឡើយ។

៤- ប្រសិនបើបន្ទុកត្រូវលូតហួស ១ម៉ែត្រ ពីគែមខាងក្រោយនៃយាន ពេលថ្ងៃត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានឡើយ លើកលែងតែរថយន្ដផ្ទុកមនុស្សចំនួនអតិបរមាត្រឹម ២០នាក់ ដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម ០,៥០ម៉ែត្រ ពីលើដំបូល និងត្រូវមានជើងទម្រឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។

៥- ក្នុងករណីផ្ទុកទំនិញគ្រោះថ្នាក់ ត្រូវរៀបចំទុកដាក់ឬវេចខ្ចប់ឲ្យមានសុវត្ថិភាពល្អ ហើយត្រូវសរសេរឈ្មោះប្រភេទនិងបិទផ្លាកសញ្ញាសម្គាល់វត្ថុគ្រោះថ្នាក់នោះ។

៦- ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃឬប្រដាប់តោងឈររឹងមាំ ហើយត្រូវឲ្យមានផាសុកភាពល្អ។

ការផ្ទុកមនុស្សត្រូវហាមឃាត់ ដូចខាងក្រោម៖
  • ហាមផ្ទុកមនុស្សលើសពីចំនួនកន្លែងអង្គុយដែលកំណត់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន 
  • ហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីនឬដំបូលរថយន្ដ 
  • ហាមតោងពីមុខ ពីក្រោយ ឬពីចំហៀងរថយន្ដ 
  • ហាមផ្ទុកមនុស្សនៅលើរ៉ឺម៉កឬសឺមីរ៉ឺម៉ក 
  • ហាមផ្ទុកវត្ថុដែលមានក្លិនអាក្រក់ឬមានជាតិពុលក្នុងរថយន្ដដឹកមនុស្ស។ 
៧- បច្ចេកទេសផ្ទុក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥៧

ការផ្ទុកទំនិញលើរថយន្ដ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក មិនត្រូវឲ្យលើសទម្ងន់សរុបអតិបរមារបស់យានដែលកំណត់ដោយរោងចក្រផលិតយាននិងមិនត្រូវឲ្យលើសទម្ងន់អតិបរមាសង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមារបស់យានដែលបានអនុញ្ញាតដូចមានចែងក្នុងច្បាប់ស្ដីពីផ្លូវថ្នល់។

នៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ដ រថយន្ដសណ្ដោងរ៉ឺម៉កឬសឺមីរ៉ឺម៉ក ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែលកំណត់ក្នុងផ្លាកសញ្ញាដាក់តាំងនៅពីមុខស្ពាន។

ទំហំរថយន្ដ និងរថយន្ដសណ្ដោងរ៉ឺម៉កឬសឺមីរ៉ឺម៉ក ត្រូវកំណត់ដូចខាងក្រោម៖
  • ប្រវែងទទឹងអតិបរមាមិនត្រូវឲ្យលើសពី ២,៥០ម៉ែត្រ លើកលែងតែយាន យន្ដុបករណ៍ដែលមិនត្រូវឲ្យលើសពី ៣ម៉ែត្រ 
  • ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី ៤,២០ម៉ែត្រ 
  • ប្រវែងបណ្ដោយអតិបរមានៃរថយន្ដនីមួយៗមិនត្រូវឲ្យលើសពី ១២,២០ម៉ែត្រ
  • ប្រវែងបណ្តោយអតិបរមានៃរថយន្តនីមួយៗដែលមានសណ្តោងសឺមីរ៉ឺម៉ក មិនត្រូវឲ្យលើស ពី ១៦ម៉ែត្រ
  • ប្រវែងបណ្តោយអតិបរមានៃរថយន្តនីមួយៗដែលមានសណ្តោងរ៉ឺម៉ក មិនត្រូវឲ្យលើសពី ១៨ម៉ែត្រ
ទំហំអតិបរមារថយន្តនិងរថយន្តសណ្តោងរ៉ឺម៉កឬសឺមីរ៉ឺមក ដែលគ្មានចែងនៅក្នុងចំណុចខាងលើ នេះត្រូវសុំលិខិតអនុញ្ញាតពិសេសពីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

បទដ្ឋានបច្ចេកទេសលម្អិតស្ដីពីទំហំនិងទម្ងន់យានជំនិះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៥៨

ការបង់ប្រាក់សម្រាប់ថ្លៃសេវាចេញបណ្ណបើកបរ បណ្ណសម្គាល់ ផ្លាកលេខ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងលិខិតអនុញ្ញាតឲ្យយានយន្ដធ្វើអាជីវកម្ម ប្រាក់ពិន័យក្នុងការយឺតយ៉ាវផ្សេងៗ និងសេវាផ្សេងៗ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

ជំពូកទី៨
យន្តការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

មាត្រា៥៩

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានតួនាទីរៀបចំគោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដឹកនាំត្រួតពិនិត្យការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត ពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាប្រធាន រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនជាអនុប្រធានអចិន្រ្តៃយ៍ និងសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានអគ្គលេ​ខាធិការ​ដ្ឋានមួយជាសេនាធិការ ដឹកនាំដោយក្រសួងសាធារណការនិងដឹកជញ្ជូន និងអនុគណៈកម្មការមួយចំនួនជាជំនួយការ។

ការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៩
សមត្ថកិច្ច និង សិទ្ធិអំណាចរបស់មន្រ្តីអនុវត្ត
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

មាត្រា៦០

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន៖

១- មន្រ្តីមកពីក្រសួងសាធារណការនិងដឹកជញ្ជូន

២- អង្គភាពនគរបាលឬកងរាជអាវុធហត្ថដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ មានភារកិច្ច៖
  • ចាត់ចែងចរាចរណ៍ឲ្យមានសណ្តាប់ធ្នាប់ល្អ 
  • តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដោយផ្ទាល់ឬដោយឧបករណ៍បច្ចេកទេស 
  • ធ្វើរបាយការណ៍ស្តីពីសភាពការណ៍សណ្តាប់ធ្នាប់ចរាចរណ៍ បទល្មើសចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង។
ដោយឡែក អង្គភាពនគរបាលដែលទទួលបន្ទុករៀបចំសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចបន្ថែម៖
  • ពិន័យជាប្រាក់ចំពោះអំពើល្មើសដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ 
  • សម្រុះសម្រួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដូចមានចែងក្នុងមាត្រា៦៥នៃច្បាប់នេះ 
  • ត្រួតពិនិត្យនិងកត់ត្រាដំណើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំ​បាច់​ធ្វើការដកហូតជាបណ្តោះអាសន្ននូវបណ្ណបើកបរ និងឃាត់យានជំនិះតាមមាត្រា៦២ មាត្រា៦៦ និងមាត្រា៦៧នៃច្បាប់នេះ។ 
  • រៀបចំនិងបញ្ជូនកំណត់ហេតុព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូង ក្នុងករណីកំណត់ដោយច្បាប់នេះ។

មាត្រា៦១

ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ផ្លូវគោកត្រូវអនុវត្ដដោយជៀសវាង ការធ្វើឲ្យស្ទះចរាចរណ៍ឬការបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

មាត្រា៦២

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកមានសិទ្ធិដកបណ្ណបើកបរព្យួរទុកក្នុងរយៈពេលមិនលើសពី ៧ថ្ងៃ និងដកពិន្ទុដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះចំពោះបទល្មើសណាមួយដូចខាងក្រោម៖

១- បើកបរខុសទិសចរាចរណ៍ ឬបើកបរតាមទិសចរាចរណ៍ដែលមានដាក់សញ្ញាហាមឃាត់។

២- បើកបរដោយល្បឿនលើសចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅពីល្បឿនដែលបានកំណត់ក្នុងច្បាប់នេះ។

៣- មិនគោរពសិទ្ធិអាទិភាព។

៤- មិនគោរពផ្លាកសញ្ញាឈប់ ឬភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមឬពណ៌ក្រហមភ្លឹបភ្លែតៗ។

៥- បើកបរយានដែលមានកង់ច្រវាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។

មន្ដ្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតបណ្ណបើកបរនិងឯកសារផ្សេងៗរបស់យានយន្តក្នុងករណីពុំមានចែងក្នុងច្បាប់នេះ។

មាត្រា៦៣

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នកបើកបរដើម្បីសាកសួរព័ត៌មាន និងការធ្វើកំណត់ហេតុជាសមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៅកន្លែងកើតហេតុ។ ក្នុងករណីដែលអ្នកបើកបរស្ថិតនៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ ឬមន្ទីរពេទ្យត្រូវត្រួតពិនិត្យនិងចេញលិខិតបញ្ជាក់អត្រាជាតិអាល់កុលឬសារធាតុញៀនដើម្បីភ្ជាប់ជាមួយកំណត់ហេតុគ្រោះថ្នាក់ចរាចរណ៍ទៅអយ្យការអមសាលាដំបូង។

មាត្រា៦៤

បទល្មើសចរាចរណ៍ផ្លូវគោកដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ជាសមត្ថកិច្ចរបស់តុលាការ។ ក្នុងករណីនេះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ផ្លូវគោក ត្រូវបញ្ជូនកំណត់ហេតុស្តីពីបទល្មើសចរាចរណ៍ផ្លូវគោកទៅអយ្យការអមសាលាដំបូង។

មាត្រា៦៥

បទល្មើសចរាចរណ៍ដែលត្រូវផ្ដន្ទាទោសពិន័យអន្ដរការណ៍ជាសមត្ថកិច្ចរបស់ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក។ មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក អាចសម្រុះសម្រួលក្នុងករណីមានគ្រោះថ្នាក់ដែលបណ្ដាល ឲ្យសងតែសំណងខូចខាត។ ប្រសិនបើការសម្រុះសម្រួលមិនបានសម្រេច មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវធ្វើកំណត់ហេតុ កត់ត្រាស្លាកស្នាមផ្សេងៗ ហើយក្នុងករណីចាំបាច់ដើម្បីធានាការពារផលប្រយោជន៍តាមផ្លូវច្បាប់របស់ភាគី មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក អាចរក្សាទុកយានយន្តជាបណ្តោះអាសន្នមិនឲ្យលើសពីមួយសប្តាហ៍។

មាត្រា៦៦

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ឬឃាំងទុកយានជំនិះរយៈ ពេលមិនលើសពី ៣ថ្ងៃដើម្បីធ្វើការពិន័យនិងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីដែលអ្នក បើកបរបានប្រព្រឹត្ដល្មើសនឹងបទប្បញ្ញត្ដិចរាចរណ៍ ដូចខាងក្រោម៖
១- យានជំនិះដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,២៥ ដល់ ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ ដល់ ០,៧៩ក្រាមក្នុងមួយលីត្រឈាម ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។

២- យានជំនិះដែលអ្នកបើកបរមិនព្រមឲ្យសមត្ថកិច្ចត្រួតពិនិត្យអត្រាជាតិ អាល់កុលឬសារធាតុញៀន។

៣- យានជំនិះដែលមានលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់ អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

៤- យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងម៉ាស៊ីនខ្លាំងលើសបទ​ដ្ឋានបច្ចេកទេសឬបំពាក់ ប្រព័ន្ធភ្លើងបំភ្លឺខុសស្ដង់ដាកំណត់ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។

៥- យានជំនិះផ្ទុកទំនិញឬអ្នកដំណើរនាំឲ្យបាំងឬទើសទែងដល់អ្នកបើកបរ ឬហួសកម្រិតកំណត់។

៦- យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី ២៤ម៉ោង។

៧- យានយន្ដដែលបើកបរហួសពេលកំណត់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស។

៨- យានយន្តដែលបើកបរលើសល្បឿនកំណត់ចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។

មាត្រា៦៧

មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មានសិទ្ធិស្ទូចយានជំនិះដែលចតធ្វើឲ្យរំខានឬអាចនាំឲ្យមាន គ្រោះថ្នាក់ដល់យានដទៃ យកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក្នុងករណីដែលម្ចាស់ យានជំនិះមិនព្រមទទួលការពិន័យ ឬគ្មានវត្តមាន។

ការស្ទួចយានជំនិះយកទៅរក្សាទុកនៅអង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ក៏ត្រូវអនុវត្តផងដែរ ចំពោះយានជំនិះពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពុំអាចដោះស្រាយបាន។

ម្ចាស់យានជំនិះត្រូវទទួលខុសត្រូវបង់សោហ៊ុយថ្លៃស្ទូចនិងថ្លៃរក្សាទុកបន្ថែមលើប្រាក់ពិន័យ។

សោហ៊ុយថ្លៃស្ទូចនិងថ្លៃរក្សាទុក ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៦៨

មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ ត្រូវពិនិត្យ អង្កេត កត់ត្រាបទល្មើសស្របតាមបែបបទនៃការពិនិត្យ ការអង្កេត ការកត់ត្រាបទល្មើស និងការធ្វើកំណត់ ហេតុគ្រោះថ្នាក់ចរាចរណ៍ដែលកំណត់ដោយប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងយុត្ដិធម៌ និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៦៩

មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលមានសមត្ថកិច្ចផាកពិន័យបទល្មើសចរាចរណ៍ ត្រូវចេញបង្កាន់ដៃផាកពិន័យដែលមានគល់បញ្ជីត្រឹមត្រូវ។ ទម្រង់បែបបទនៃបង្កាន់ដៃផាកពិន័យនិងការគ្រប់គ្រងប្រាក់ចំណូលដែលបានមកពីការផាកពិន័យ ត្រូវកំណត់ដោយ​ប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

មាត្រា៧០

បុគ្គលដែលមិនសុខចិត្ត នឹងសេចក្តីសម្រេចរបស់មន្រ្តីអនុវត្តច្បាប់ដូចមានចែង ក្នុងមាត្រា៦០ នៃច្បាប់នេះ មានសិទ្ធិប្ដឹងតវ៉ាទៅប្រធាន​អង្គភាពដែលគ្រប់គ្រងផ្ទាល់លើមន្រ្តីនោះ។ ប្រធានអង្គភាពត្រូវ សម្រេចលើបណ្តឹងតវ៉ា ១៥ថ្ងៃ យ៉ាងយូរគិតពីថ្ងៃទទួលបណ្តឹង។ បុគ្គលដែលមិនសុខចិត្ដនឹងសេចក្ដី សម្រេចរបស់ប្រធានអង្គភាពខាងលើ មានសិទ្ធិប្តឹងទៅតុលាការតាមនីតិវិធី។

ជំពូកទី១០
ទោសប្បញ្ញត្តិ

មាត្រា៧១

បទល្មើសដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា៧២

អ្នកបើកបរត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។

អ្នកគ្រប់គ្រងឬកម្មសិទ្ធិករ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណីយានជំនិះរបស់ខ្លួនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។

មាត្រា៧៣

ការរំលោភលើរាងកាយ កិត្ដិយស សេចក្ដីថ្លៃថ្នូររបស់មន្ត្រី អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។

មាត្រា៧៤

មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ ៨០០ ០០០រៀល។ 


ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតឬបាត់បង់នោះ។

មាត្រា៧៥

ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី១០០ ០០០រៀល ទៅ 
៨០០ ០០០រៀល ចំពោះជនណាបើកបរយានយន្តដោយគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ លើកលែងតែជនបើកបរទោចក្រយានយន្តឬត្រីចក្រយានយន្ត។

មាត្រា៧៦

ជនណាបើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមការបញ្ជារបស់មន្ដ្រីនគរបាលចរាចរណ៍ ផ្លូវគោកដើម្បីធ្វើតេស្ដពិនិត្យជាតិអាល់កុលឬសារធាតុញៀន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ ៨០០ ០០០រៀល។

ត្រូវផ្តន្ទាទោសដូចកថាខណ្ឌទី១ខាងលើ ចំពោះអ្នកបើកបរណាដែលមិនព្រមឲ្យធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់យាន ឬធ្វើតេស្ដពិនិត្យជាតិអាល់កុលឬសារធាតុញៀន។

មាត្រា៧៧

ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាម ឡើងទៅ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០រៀល ទៅ ៤ ០០០ ០០០រៀល។

មាត្រា៧៨

ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ ឬលិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាឯកសារឬវត្ថុក្លែងក្លាយ ត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៦៣០(បទប្រើប្រាស់ឯកសារសាធារណៈក្លែង)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៧៩

ជនណាក្លែងបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះឬលិខិតអនុញ្ញាតផ្សេងៗ ដែលចេញដោយអ្នករាជការសាធារណៈ ត្រូវផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៦២៩(បទក្លែងបន្លំឯកសារសាធារណៈ)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៨០

ជនណារារាំងឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ៨០០ ០០០រៀល ទៅ ៨ ០០០ ០០០រៀល។

មាត្រា៨១

ជនណាបើកបរមិនគោរពសញ្ញាបញ្ជារបស់មន្រ្តីមានសមត្ថកិច្ចការពារក្បួនដំណើរគណៈប្រតិភូឬថ្នាក់ដឹកនាំជាន់ខ្ពស់បង្កការខូចខាតដល់យានយន្តរបស់ក្បួន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០រៀល ទៅ ៤ ០០០ ០០០រៀល។

មាត្រា៨២

ជនណាប្រើប្រាស់រថយន្តដោយគ្មានបណ្ណសម្គាល់រថយន្តឬគ្មានផ្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ រៀល ទៅ៨០០ ០០០រៀល ។

មាត្រា៨៣

ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើឬលើសពី៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០រៀល ទៅ ១០ ០០០ ០០០រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០រៀល ទៅ ១៥ ០០០ ០០០រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖

ក- បើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។

ខ- ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាម​ទ្បើងទៅ។

គ- បណ្តាលឲ្យមានរបួសមនុស្សច្រើននាក់។

ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះទោសបន្ថែម ដូចតទៅនេះអាចត្រូវបានប្រកាស៖

១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែយ៉ាង​ច្រើន។

៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។

៦- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់ រយៈពេល ៨ថ្ងៃ យ៉ាងច្រើន។

មាត្រា៨៤

នីតិបុគ្គលអាចត្រូវប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល)នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨៣នៃច្បាប់នេះ។

នីតិបុគ្គលត្រូវផ្តន្ទាទោសជាប្រាក់ពី ៥ ០០០ ០០០រៀល ទៅ ២០ ០០០ ០០០រៀល ព្រមទាំងទោសបន្ថែមមួយឬច្រើន ដូចតទៅនេះ៖

១- ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០(ការរំលាយនិងការជម្រះបញ្ជីនៃនីតិបុគ្គល)នៃក្រមព្រហ្មទណ្ឌ។

២- ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា១៧១(ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ)នៃក្រមព្រហ្មទណ្ឌ។

៣- ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយឬច្រើនតាមបែបបទកំណត់ដោយមាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព)នៃក្រមព្រហ្មទណ្ឌ។

៤- ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយ មាត្រា១៧៦(ការបិទគ្រឹះស្ថាន)នៃក្រមព្រហ្មទណ្ឌ។

៥- ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដល់សាធារណជន តាមបែបបទកំណត់ដោយមាត្រា១៧៧ (ការហាមឃាត់ចំពោះការធ្វើអាជីវកម្ម លើគ្រឹះស្ថាន) នៃក្រមព្រហ្មទណ្ឌ។

៦- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០(ការបិទផ្សាយ សេចក្តីសម្រេច)នៃក្រមព្រហ្មទណ្ឌ។

៧- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា១៨១(ការផ្សាយសេចក្តី សម្រេចតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ជាអាទិ៍)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៨៥

ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០រៀល ទៅ ១៥ ០០០ ០០០រៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣(ប្រភេទនៃទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់
ពី ១០ ០០០ ០០០រៀល ទៅ ២៥ ០០០ ០០០រៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចក្រោម៖

ក- បើកបរដោយគ្មានបណ្ណបើកបរឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។

ខ- ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមទ្បើងទៅ។

គ- បណ្តាលឲ្យមានស្លាប់មនុស្សច្រើននាក់។

ឃ- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។

ចំពោះបទល្មើសដែលមានចែងក្នុងមាត្រានេះ ទោសបន្ថែមដូចតទៅនេះអាចត្រូវបានប្រកាស៖

១- ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

២- ការហាមឃាត់ចំពោះការបើកបរយានយន្ត ទោះបីជាប្រភេទណាក៏ដោយសម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៣- ការព្យួរលិខិតបើកបរ សម្រាប់រយៈពេល ៥ឆ្នាំ យ៉ាងច្រើន។

៤- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស សម្រាប់រយៈពេល ២ខែ យ៉ាងច្រើន។

៥- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន។

៦- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ សម្រាប់រយៈពេល ៨ថ្ងៃ យ៉ាងច្រើន។

មាត្រា៨៦

នីតិបុគ្គលអាចត្រូវប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល)នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមាន ចែងក្នុងមាត្រា៨៥នៃច្បាប់នេះ។


នីតិបុគ្គលត្រូវផ្តន្ទាទោសជាប្រាក់ពី ១០ ០០០ ០០០រៀល ទៅ ៥០ ០០០ ០០០រៀល ព្រមទាំងទោសបន្ថែមមួយឬច្រើនដូចតទៅនេះ៖

១- ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០(ការរំលាយនិងការជម្រះបញ្ជីនៃនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។

២- ការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា១៧១(ការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ)នៃក្រមព្រហ្មទណ្ឌ។

៣- ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយឬច្រើនតាមបែបបទកំណត់ដោយមាត្រា ១៧២(ការហាមឃាត់ចំពោះការធ្វើសកម្មភាព)នៃក្រមព្រហ្មទណ្ឌ។

៤- ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសតាមបែបបទកំណត់ដោយមាត្រា ១៧៦(ការបិទគ្រឹះស្ថាន)នៃក្រមព្រហ្មទណ្ឌ។

៥- ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថានដែលបើកចំហដល់សាធារណជនឬដែលប្រើប្រាស់ដល់សាធារណជន តាមបែបបទកំណត់ដោយមាត្រា១៧៧(ការហាមឃាត់ចំពោះការធ្វើ អាជីវកម្មលើគ្រឹះស្ថាន)នៃក្រមព្រហ្មទណ្ឌ។

៦- ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០(ការបិទផ្សាយ សេចក្តីសម្រេច)នៃក្រមព្រហ្មទណ្ឌ។

៧- ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា១៨១(ការផ្សាយសេចក្តីសម្រេច តាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ជាអាទិ៍)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៨៧

ការបង់ប្រាក់ពិន័យអន្តរការណ៍នាំឲ្យរំលត់បណ្តឹងអាជ្ញា។

អំពើល្មើសដែលត្រូវទទួលរងពិន័យអន្ដរការណ៍ ហើយជនពាក់ព័ន្ធមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍តាមកាលកំណត់ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបញ្ជូនកំណត់ហេតុព្រមទាំងវត្ថុតាងទៅ អយ្យការអមសាលាដំបូង។

ជំពូកទី១១
អន្តរប្បញ្ញត្តិ



មាត្រា៨៨

រាល់លិខិតបទដ្ឋានគតិយុត្តដែលបានបង្កើតឡើងដើម្បីអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវ នៅមានអានុភាពអនុវត្តតទៅទៀតរហូតមានអត្ថបទថ្មីមកកែប្រែឬលុបចោល លើកលែងតែបទប្បញ្ញត្តិ ដែលផ្ទុយនឹងស្មារតីនៃច្បាប់នេះ។

មាត្រា៨៩

អ្នកកាន់បណ្ណបើកបរដែលត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ អាចបន្តប្រើប្រាស់រហូតអស់សុពលភាព។

អ្នកកាន់បណ្ណបើកបរដែលមិនត្រឹមត្រូវតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០២០៧/០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវបំពេញបែបបទសុំប្តូរបណ្ណបើកបរឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ១ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស។

មាត្រា៩០

នៅក្រៅទីប្រជុំជនអ្នកបើកបរនិងអ្នករួមដំណើរទាំងអស់តាមរថយន្តដែលមានចំណុះលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពនិងបទប្បញ្ញតិ្តដែលមានចែងក្នុងកថាខណ្ឌទី២ មាត្រា៧ និងចំណុចទី១១និងទី១២ មាត្រា៨នៃច្បាប់នេះ ត្រូវចាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស។

មាត្រា៩១

បទប្បញ្ញតិ្តដែលមានចែងក្នុងមាត្រា៤៣ និងមាត្រា៤៤ ជំពូកទី៧ នៃច្បាប់នេះ ត្រូវចាប់អនុវត្តក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាននៅទូទាំងប្រទេស។

ជំពូកទី១២
អវសានប្បញ្ញត្តិ

មាត្រា៩២

ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០២០៧ /០០៧ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ ត្រូវទុកជានិរាករណ៍ ហើយត្រូវជំនួសដោយច្បាប់នេះ។

No comments:

Post a Comment