ចំពោះការប្រឡងយកបណ្ណបើកបរបងប្អូនអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណ បើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន
https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស។ ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ បងប្អូនអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅតម្រូវឱ្យបងប្អូនទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
សម្រាប់ការប្រលងយកបណ្ណបើកបរប្រភេទ ខ បេក្ខជនទាំងពីរភេទត្រូវមានអាយុ១៨ឆ្នាំពេញ ទើបអាចដាក់ពាក្យប្រលងបាន និងតម្រូវអោយមានឯកសារមួយចំនួនដូចជា៖
- ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
- យកភ្ជាប់មកជាមួយនូវរូបថត ៤x៦ (ផ្ទៃក្រោយពណ៌ស) ចំនួន ០៣សន្លឹក
- ត្រូវមានលិខិតបញ្ជាក់កាយសម្បទា ។
ចំពោះតម្លៃសេវាសម្រាប់ការប្រលងយកបណ្ណបើកបរប្រភេទ ខ នេះ គឺមានតម្លៃ ៩០,០០០រៀល ។ តម្លៃនេះមិនរួមបញ្ចូលតម្លៃលិខិតបញ្ជាក់កាយសម្បទាទេ ។ ចំពោះតម្លៃធ្វើលិខិតបញ្ជាក់កាយសម្បទាមានតម្លៃត្រឹមតែ ១០,០០០រៀលតែប៉ុណ្ណោះ ។